សៀបរាប៖ ក្រុមអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ បានរកឃើញថាឡដុតកុលាលភាជន៍ជាច្រើន នៅក្នុងតំបន់អង្គរ បានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២មក និងឈប់ដំណើរការនៅដើមសតវត្សរ៍ទី១៥នៃគ្រីស្តសករាជ។ បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង២៣០ម៉ែត្រនិងទទឹងមានប្រវែង៨៤ម៉ែត្រ កម្ពស់ប្រហែល២,៧០ម៉ែត្រ។
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃនិង Flinders University ដោយប្រើឧបករណ៍វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ បានរកឃើញថាឡដុតកុលាលភាជន៍ជាច្រើន នៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចក នៃក្រុងសៀមរាប ខេត្តសៀមរាប។
បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង២៣០ម៉ែត្រនិងទទឹងមានប្រវែង៨៤ម៉ែត្រ កម្ពស់ប្រហែល២,៧០ម៉ែត្រ។ ទួលនេះសន្ធឹងស្របគ្នានិងកំពែងនៃកសិន្ធុទឹកភាគខាងជើងផ្នែកខាងលិច របស់ខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ មានចម្ងាយ១២៣ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង។
ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថាទិន្នន័យ ដែលទទួលបានពីការវាស់ស្ទង់នេះ គឺមានសារសំខាន់សម្រាប់អ្នកជំនាញយកធ្វើជាមូលដ្ឋានក្នុងការធ្វើកំណាយស្រាវជ្រាវឡដុតកុលាលភាជន៍នៅតំបន់នេះតទៅថ្ងៃមុខទៀត៕