ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការអំពាវនាវដល់ ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានាធនធានទាំងនេះ សម្រាប់កូនចៅជំនាន់ក្រោយ និងសុំឱ្យ ប្រជាពលរដ្ឋ យកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះ ឱ្យអស់សក្តានុពល តាមសហគមន៍ ដោយពុំបាច់ពឹងតែលើផលនៃអនុផលព្រៃឈើឡើយ។
ព្រះមហាក្សត្របានអំពាវនាវបែបនេះ ក្នុងពេលយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបុណ្យ រុក្ខទិវា ៩ កក្កដា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ព្រះមហាក្សត្រ៖ «ខ្ញុំសូមអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិ មេត្តា ចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន ក្នុងនោះក៏មានត្នោតដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិយើង។ ដើមឈើទាល ដើមគគីជាដើម នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន ដងផ្លូវលំ ផ្លូវជាតិ ប្រឡាយ ភូមិឋាននានា តាមភ្លឺស្រែ ដើម្បីបំពេញតម្រូវការផលព្រៃឈើ និងសហគមន៍៍នានា»៕