ភ្នំពេញ៖ ជនជាតិបរទេសប្រមាណ៥០នាក់ មកពីបណ្តាប្រទេសនានា បានកំពុងរៀនភាសារខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា។ជាការសិក្សាដោយផ្តោតសំខាន់លើការស្តាប់ ការនិយាយ ការអាន និងការសរសេរ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ក្រៅពីផ្តល់ជូនការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បច្ចេកទេស និងវិជ្ជាជីវៈ រាជបណ្ឌិត្យសភាកម្ពុជាក៏បានតែកំពុងផ្តល់ជូននូវវគ្គសិក្សាខ្លីសម្រាប់ជនបរទេសដែលមានបំណងចង់សិក្សាស្វែងយល់អំពីខេមរភាសា។
បើតាមលោកបណ្ឌិត សុខ ទូច ក្នុងវគ្គពិសេសនេះ គឺផ្តោតសំខាន់ទៅលើជំនាញសំខាន់ៗទាំងបួន រួមមាន ការស្តាប់ ការនិយាយ ការអាន និងការសរសេរ។ ក្នុងនោះ និស្សិតក៏មានឱកាសធ្វើកម្មវិធីទៅកាន់ទីកន្លែងវប្បធម៌មួយចំនួន ដូចជាសារមន្ទីជាតិ និងព្រះបរមរាជវាំង។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ រាជបណ្ឌិត្យសភាកម្ពុជា បានបណ្តុះបណ្តាលភាសាខ្មែរជូនជនបរទេសជាច្រើនមានដូចជា ជនជាតិជប៉ុន កូរ៉េ ចិន អង់គ្លេស រុស្ស៊ី អាឡឺម៉ង់ អាម៉េរិក បារាំង និងជនជាតិថៃជាដើម។ ក្នុងនោះផងដែរក៏មានវត្តមានមន្រ្តីដែលមកពីអគ្គរាជទូត និងអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។