ព្យុយ៉ាង៖ ប្រទេសកូរ៉េខាងជើងនាថ្ងៃច័ន្ទនេះបានថ្កោលទោសសហរដ្ឋអាម៉េរិកនូវផែនការរបស់ខ្លួន ក្នុងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រ ទៅកាន់កូរ៉េខាងត្បូង កូរ៉េខាងជើងព្រមានថា វាអាចនឹងបង្កជាវិបត្តិដ៏អាក្រក់បំផុត នៃជម្លោះនុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងជើងសុំមិនបញ្ចេញឈ្មោះម្នាក់បានគូសបញ្ជាក់ថា "ការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េមានន័យថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកនឹងបង្ហាញខ្លួននៅក្នុងឧបទ្វីបនេះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨១" ហើយការបង្ហាញខ្លួននេះគឺជាគ្រោះថ្នាក់នៃតំបន់ទាំងមូល។
អ្នកនាំពាក្យមិនបញ្ចេញឈ្មោះដដែលអះអាងថា "នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតព្រោះវានឹងនាំភាពតានតឹងផ្នែកយោធាក្នុងតំបន់ទៅជាស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយអាចញុះញង់ឱ្យមានវិបត្តិដ៏អាក្រក់បំផុតនៃជម្លោះនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ" ។ អ្នកនាំពាក្យរូបនេះបានហៅផែនការរបស់សហរដ្ឋអាម៉េរិកក្នុងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ឧបទ្វីបនេះថាជា "ការគំរាមកំហែងនុយក្លេអ៊ែ " ដល់ប្រទេសកូរ៉េខាងជើង។
ដោយឡែកសហរដ្ឋអាម៉េរិកបានសន្យាថានឹងបញ្ជូននាវាមុជទឹកមីស៊ីលផ្លោងដែលមានសមត្ថភាពនុយក្លេអ៊ែរទៅកូរ៉េខាងត្បូងនៅក្នុងសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនដែលចេញដោយប្រធានាធិបតី Yoon Suk Yeol និងប្រធានាធិបតីអាម៉េរិក Joe Biden ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែមេសាកន្លងទៅ៕