ភ្នំពេញ៖ យុវជន ស៊ន ខ្លី ជាយុវជនម្នាក់ដែលមានក្ដីស្រមៃខ្ពស់ក្នុងការតស៊ូរៀនសូត្រទោះមានពិការភាព តាំងពីកំណើតក៏ដោយនៅតែជម្នះតស៊ូរៀនឲ្យចប់ និងរកការងារធ្វើដើម្បីជួយសម្រួលដល់ជីវភាពគ្រួសាររបស់ខ្លួន។ យុវជន ស៊ន ខ្លី បានឲ្យដឹងថា បច្ចុប្បន្ននេះគឺមានតែការចំណេះវិជ្ជាតែមួយមុខគត់ ដែលជួយកែប្រែខ្លួននិងគ្រួសារ ឆ្ពោះទៅរកឆាកជីវិតដ៏ល្អប្រសើរ។
យុវជន ស៊ន ខ្លី ជានិសិ្សតសិក្សានៅសកលវិទ្យាល័យកម្ពុជា សិក្សាឆ្នាំទី២ ជំនាញគណនេយ្យ ដែលទទួលបានអាហារូបករណ៍១០០ភាគរយ មកពីខេត្តតាកែវ។ យុវជនរូបនេះចង់ក្លាយជាគណនេយ្យដ៏មានសមត្ថភាពមួយរូបនៅក្នុងក្រុមហ៊ុនមួយ និងមានបំណងចង់បង្កើតនូវរោងបោះពុម្ភផ្ទាល់ខ្លួនមួយបន្ថែមទៀតផងដែរនាថ្ងៃអនាគត។ ហើយកាលពីក្មេងយុវជន ស៊ន ខ្លី បានចូលរៀនដូចក្មេងៗដទៃដែរ ដោយពេលខ្លះគ្រួសារ ឬមិត្តភក្ដិជូនទៅសាលាជាប្រចាំ។ ប៉ុន្តែពេលខ្លះទៀតក្រុមគ្រួសាររវល់ធ្វើការក៏ត្រូវចាំគ្រួសារមកទទួល ហើយពេលខ្លះក៏ត្រូវធ្វើដំណើរទៅរៀនជាមួយមិត្តភក្តិផងដែរ។
យុវជនរូបនេះ បន្ថែមថា នៅពេលដែលគាត់អាចទៅរៀនបាន ព្រោះពឹងពាក់មិត្តភក្កិសុំដោយសារទៅជាមួយ ថ្ងៃខ្លះបានទៅ ថ្ងៃខ្លះក៏មិនបានទៅ ព្រោះគេអត់បានមកយកក៏មាន ប៉ុន្ដែដោយសារមានការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនក៏បានបន្តមករៀននៅសកលវិទ្យាល័យ។ សម្រាប់ការសិក្សានៅសកលវិញក៏មានលោកគ្រូ-អ្នកគ្រូ ឪពុកម្តាយ និងមិត្តភក្ដិរបស់គេផងដែរ។
បើនិយាយពីការសិក្សានៅសកលវិទ្យាល័យសព្វថ្ងៃ ស៊ន ខ្លី មានម៉ូតូកែឆ្នៃផ្ទាល់ខ្លួន សម្រាប់អ្នកមានពិការភាព ក្នុងការធ្វើដំណើរទៅសាលារៀនកាលពីមុនមានបងប្រុស និងពូជាអ្នកជូនទៅសាលាជារៀងរាល់ថ្ងៃ ដោយឃើញពីការលំបាករបស់បងប្រុស និងពូដែលគាត់មាននូវកិច្ចការងាច្រើនផង ឆ្លៀតមកទទួលខ្លួននៅសាលាទៀតក៏សម្រេចចិត្តសុំគ្រួសារទិញម៉ូតូ ហើយកែឆ្នៃកង់ម៉ូតូ ដើម្បីអាចធ្វើដំណើរដោយខ្លួនឯងបាន ទោះពេលខ្លះក៏មានការភ័យខ្លាចក្នុងការធ្វើដំណើរតាមផ្លូវ គឺខ្លាចប៉ះរថយន្តគេ ឬបារម្ភខ្លាចធ្លាក់ពីលើម៉ូតូក៏នៅតែតស៊ូសិក្សាបន្តដែរ។
យុវជន ស៊ន ខ្លី បានលើកទឹកចិត្តដល់អ្នកដែលមានពិការភាពដូចគ្នាដែរថា ថ្វីបើមានកាយសម្បទាមិនពេញលេញដូចមនុស្សទូទៅក៏ដោយសូមមិនបោះបង់ចោលការសិក្សា មានតែការសិក្សាទេទើបអាចនាំយើងទៅរកភាពជោគជ័យគ្មាននាក់ណាជួយយើងក្រៅពីខ្លួនយើងឡើយ ដើម្បីមានសមត្ថភាពជួយសង្គមជាតិផង និងមានជីវភាពសមរម្យនាថ្ងៃអនាគតផង៕