Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

គ.ជ.បបន្តប្រើ«ទឹកខ្មៅ»ឥណ្ឌាសម្រាប់បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៧ កក្កដានេះ បានប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះប្រើប្រាស់ក្នុងការបោះឆ្នោត និង ការសាកល្បងគុណភាពទឹកខ្មៅ។ក្នុងកិច្ចប្រជុំនោះ គ.ជ.ប បន្តប្រើប្រាស់«ទឹកខ្មៅ»ឥណ្ឌាសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។

មិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា។ហើយបានអះអាងថា ក្រុមហ៊ុននេះ មានឯកទេស ក្នុងការផលិតទឹកខ្មៅនេះ និង ធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត ដែលអាចធានាបានពីគុណភាព និងសុវត្ថិភាពជូនដល់អ្នកបោះឆ្នោត ហើយក៏មានប្រទេសជាង ៣០ នៅលើសកលលោក បានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះ។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានពន្យល់ថា មុននឹងធ្វើការបញ្ជាផលិតជាផ្លូវការ នៅក្នុងចុងខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ គ.ជ.ប បានស្នើសុំគំរូទឹកខ្មៅលុបមិនជ្រះ ដើម្បីសាកល្បងគុណភាពជាមុនពីក្រុមហ៊ុន មានចំនួន៤កម្រិត តែមន្ត្រីជំនាញ គ.ជ.ប រកឃើញថា ទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿនក្នុងបរិយាកាស មិនអាចលុបជ្រះភ្លាមៗបានឡើយ ហើយគុណភាពនេះប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក អាចធានាបានទាំងគុណភាពប្រើមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

បើតាមលោក ប្រាជ្ញ ចន្ទ បន្ទាប់ពីសាកល្បងគុណភាពរួច នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការពីប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប៥២,០០០ដប ក្នុង១ដប ចំណុះ ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និង មានអេប៉ុងខាងក្នុងដប ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។

គួរបញ្ជាក់ថា ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព ៦ខែ គិតបន្ទាប់ពីការផលិត។គ.ជ.ប នឹងបែងចែកតាមគោលដៅប្រើប្រាស់ជូនក្នុងមួយការិយាល័យបោះឆ្នោតចំនួន ២ដប,បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និង រក្សាទុកនៅ គ.ជ.ប មួយចំនួន។

ទឹកខ្មៅលុបមិនជ្រះចំនួនសរុប ៥២,០០០ដប ចំណាយថវិកាសរុបចំនួន ៩៦៣,៣១០ ដុល្លារ ក្នុងនោះ១ដប ស្មើនឹង ១៧,៦៣ ដុល្លារ សរុបជាទឹកប្រាក់ចំនួន ៩១៦,៧៦០ ដុល្លារ និង តម្លៃសេវាដឹកជញ្ជូន និងធានារ៉ាប់រង ៤៦,៥៥០ ដុល្លារ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង