ស្ទឹងត្រែង៖ ម្នាស់ទឹកឃ្មុំដែល ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ហើយភ្ញៀវទេសចរនិយមទិញទៅបរិភោគនោះ ត្រូវបានរៀបចំជាសហគមន៍ម្នាស់ ប្រចាំនៅខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ផលិតផល ទាញយកទីផ្សារ និងបានបង្កើនប្រាក់ចំណូលទៅកសិករអ្នកដាំ។
ក្នុងឱកាសចុះសិក្សាចម្ការម្នាស់កសិករ នៅភូមិ ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងថ្ងៃទី០៣កក្កដា ឯកឧត្តមឡូយសុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា៖ ជាទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អនុវត្តវិស័យកសិឧស្សាហកម្ម កសិទេសចរណ៍ និងកសិពាណិជ្ជកម្មជ្រុងមួយដែលជាយុទ្ធសាស្ត្រ ក្នុងការលើកទឹកចិត្តដល់កសិករ ហើយស្ថាប័នជុំវិញ និង រៀបចំសហគមន៍ម្នាស់ផ្អែមដូចទឹកឃ្មុំនេះ ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នេះជាការបោះជំហានថ្មីមួយទៀត ដែលធ្វើឱ្យកសិករមានឱកាសពង្រីកការដាំដុះឱ្យបានច្រើន ហើយមន្ទីរនឹងខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យម្នាស់ទឹកឃ្មុំនេះ បានក្លាយជាកសិផលមានទីផ្សារល្អ។ (សំឡេង)នេះក្នុងទិសដៅមួយជំរុញឱ្យការផលិតម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមកហើយនេះឱ្យកាន់តែមានច្រើនឡើងថែមទៀត ជាពិសេសសម្របសម្រួលកៀរគរឱ្យមានទីផ្សារពីខាងក្រៅ ដើម្បីចូលមកជួយប្រមូលទិញផលិតផលម្នាស់ ដែលកសិករនៅខេត្តស្ទឹងត្រែងផលិតបាន។
លោក សាយ ករុណា កសិករដាំម្នាស់ទឹកឃ្មុំនៅភូមិអូរឫស្សីកណ្តាល បានបញ្ជាក់ថា៖នៅចុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤ ខាងមុខនេះ លោកមានបំណងដាំម្នាស់ឱ្យបាន ១លាន២សែនដើម នៅលើផ្ទៃដីចម្ការទំហំ១៥ ហិកតា។ ន្លងមកម្នាស់ដែលដាំបាន ក្រៅពីលក់ផ្លៃនៅក្នុងស្រុក លោកបាន កែច្នៃទឹកម្នាស់ឱ្យទៅជាស្រាផលិតចេញពីផ្លែម្នាស់ ដើម្បីតម្រូវតាមការលក់នៅក្នុងស្រុកផង និងមានការបញ្ជាទិញពីភាគីចិនផងដែរ ។
សូមបញ្ជាក់ថា ម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូកខេត្តស្ទឹងត្រែង ត្រូវបានក្រុមហ៊ុនមួយមកពីប្រទេសចិន បានមកចុះអនុស្សរណៈនៃការយោគយល់ (ហៅថាMOU )នឹងនាំផ្លែម្នាស់និងស្រាម្នាស់ទឹកឃ្មុំ ជាភេសជ្ជៈ ទៅកាន់ទីផ្សារប្រទេសចិន ដោយសារតែម្នាស់ជាផលិតផល មានរសជាតិឆ្ងាញ់ប្លែក ដែលកើតចេញពីដំណាំកសិកម្ម ផលិតដោយកសិករក្នុងប្រទេសកម្ពុជា៕