Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋម្នាក់នៅសៀមរាបប្រគល់«វត្ថុបុរាណ»៧៧ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៣ កក្កដា បានប្រគល់វត្ថុបុរាណចំនួន៧៧ ដល់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីធ្វើការថែរក្សា និងអភិរក្សបន្ត។ វត្ថុបុរាណទាំង៧៧នោះ រួមមាន ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ និងគ្រឿងអលង្ការ ហើយខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែបបាក់ជាបំណែក។

វត្ថុបុរាណទាំង៧៧ ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់ដល់សារមន្ទីរ រួមមាន ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាលភាជន៍ ឧបករណ៍សម្រាប់ដាក់ទឹក និងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា កងដៃ និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដូចជា កាំបិត ពូថៅ និងចានជាដើម។ វត្ថុបុរាណទាំង៧៧នោះ ខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែបបាក់ជាបំណែក។

លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយទទួលបានវត្ថុសិល្បៈទាំងនោះ ក្រុមអ្នកជំនាញនៃសារមន្ទីរ កំពុងធ្វើការចុះបញ្ជី វាស់ប្រវែង ថ្លឹងទំងន់ ទៅតាមបែបបទក្នុងសារមន្ទីរ ទើបឈានទៅរក្សាទុកក្នុងសីតុណ្ហភាពថេរ ដើម្បីការពារវត្ថុទាំងនោះ ទើបចាប់ផ្តើមធ្វើការសម្អាត ដកកំណក់ដី និងលាបដើម្បីការពារស្រទាប់ខាងក្រៅនៃលោហៈទាំងនោះពីបរិយាកាសខាងក្រៅ រួចតភ្ជាប់បំណែកលោហៈណាដែលពុកផុយ តាមរូបរាងដើមឡើងវិញ តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា នាពេលអនាគតសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងធ្វើការតាំងបង្ហាញវត្ថុបុរាណទាំងនោះជូនសាធារណជនបានទស្សនា និងសិក្សាស្វែងយល់ ក្រោយពេលអ្នកជំនាញធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃវត្ថុបុរាណទាំង៧៧នេះរួចរាល់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង