Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរជាតិអប្សរាកាត់ក្រីនិងព្យាបាលជំងឺដើមស្ពង់ចំណាស់នៅប្រាសាទតាព្រហ្ម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា កាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម។ ដើមស្ពង់ ដ៏ចំណាស់នេះមានសភាពទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យ។

លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេស បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យ។ ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទ។ បន្ថែមពីនេះ ក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ និងកម្រត្រូវបានទេសចរមើលរំលងណាស់។

ចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាលវាដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូកបិទផ្ចិតរន្ធ។ ធ្វើដូច្នេះ គេអាចទប់ស្កាត់ការពុកផុយបន្តទៀត និងអាចធ្វើអោយសាច់ដើមឈើដុះគ្របឡើងវិញផងដែរ។

គួរបញ្ជាក់ថា ក្រៅពីតំបន់ប្រាសាទតាព្រហ្ម ក្រុមការងារព្រៃឈើក៏បានព្យាបាលដើមឈើធំៗនៅតាម ប្រាសាទបាយ័ន តាកែវ ព្រះខ័ន និងតាមដងផ្លូវវង់តូចវង់ធំ ក្នុងរមណីយដ្ឋានអង្គរ។ អ្នកជំនាញព្រៃឈើ ក៏សំណូមពរដល់ភ្ញៀវទេសចរមានការ ប្រុងប្រយ័ត្នកំឡុងពេលដើរតាមប្រាសាទ និងមានដើមឈើធំៗពិសេសនៅរដូវភ្លៀងនេះ និងសូមអោយ ពួកគេកុំយកដៃកេះ និងបកសំបកដើមឈើ ដែលការណ៍នេះអាចបង្កអោយដើមឈើទាំងនោះងាយមានជំងឺ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង