
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន នាថ្ងៃទី៤ កក្កដា ដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រុមប្រចាំបញ្ជានេះ នឹងជួយដល់លេខាធិការដ្ឋាន នៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត។ ជាពិសេស ការប្រមូលព័ត៌មាន និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនាសម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត។
បន្ថែមពីនេះ ក្រុមប្រចាំបញ្ជា នឹងតាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្តទាំងមុន ក្នុង និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ដោះស្រាយបានទាន់ពេលវេលា។ ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្រុមប្រចាំបញ្ជានេះ ត្រូវបំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ចប់បេសកកម្ម និងត្រូវបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ៕





