ភ្នំពេញ៖ ព្រឹទ្ធាចារ្យ ម៉ិញ កុសនី ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានទទួលមរណភាព ក្នុងជន្មាយុ ៦០ឆ្នាំ វេលាម៉ោង៤៖០០ព្រឹក នាថ្ងៃទី០៤ កក្កដា។ លោកជំទាវព្រឹទ្ធាចារ្យ គឺជាមរតកសិល្បៈ បង្ហាត់ជំនាញសិល្បៈរបាំបុរាណដល់ កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយជាច្រើននាក់។
ព្រឹទ្ធាចារ្យ ម៉ិញ កុសនី សិក្សាជំនាញសិល្បៈរបាំបុរាណ នៅឯព្រះបរមរាជវាំង ចាប់តាំងពីកំឡុងចុងទសវត្សទី៦០មកម៉្លេះ។ នៅមុនសម័យប៉ុលពតចូលមកលុកលុយដុតកម្លោចទឹកដីសុវណ្ណភូមិដ៏ស្រស់បវរ ឲ្យធ្លាក់ទៅក្នុងភាពខ្ទេចខ្ទាំស្ទើរតែទាំងស្រុងនោះ គាត់បានសាងកេរ្តិ៍ឲ្យល្បីល្បាញតាមរយៈការសម្ដែងរបាំជាច្រើន ក្នុងនោះមានរបាំសុវណ្ណមច្ឆា និងរបាំមុន្នីមេខលាជាដើម ដោយគាត់សម្ដែងជាតួឯក ហើយឯកសារខ្លះក៏បានបន្សល់ទុកដល់សព្វថ្ងៃនេះផងដែរ។
ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ព្រឹទ្ធាចារ្យ រៀបអាពាហ៍ពិពាហ៍ ស្វាមីឈ្មោះ រស់ សម័យ ហើយគាត់ក៏បានបន្តការសិក្សាលើជំនាញសិល្បៈរបាំបុរាណរហូតបាន បញ្ចប់ស្លាតកបត្រ័សិល្បៈនៅឆ្នាំ១៩៨៣ និងបានចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ព្រឹទ្ធាចារ្យ ម៉ិញ កុសនី បានខិតខំក្នុងកិច្ចការបម្រើការងារ និងលើកកម្ពស់ដល់វិស័យសិល្បៈវប្បធម៌ច្រើនណាស់។ ក្នុងកំឡុងទសវត្សទី៨០ដល់៩០នោះ គាត់ធ្លាប់ធ្វើជាសាស្ត្រាចារ្យបង្ហាត់ជំនាញសិល្បៈរបាំបុរាណដល់ កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយជាច្រើននាក់ រហូតមកដល់ពេលនេះ កូនសិស្សទាំងអស់របស់គាត់ ក៏បានក្លាយជាអ្នកបន្តវេនស្នងមរតកសិល្បៈវប្បធម៌ជាតិដ៏ល្អផូរផង់ នេះថែមទៀតផង។
បើទោះបីជាមានវ័យចំណាស់ក្ដី ព្រឹទ្ធាចារ្យ ម៉ិញ កុសនី នៅតែមានការខិតខំប្រឹងប្រែងក្នុងការបន្តលើកស្ទួយវិស័យសិល្បៈវប្បធម ឲ្យរីកចំរើនផងដែរ។ បច្ចុប្បន្ន លោកជំទាវ បានរៀបចំបោះពុម្ពសៀវភៅមួយជាភាសាខ្មែរ និងភាសាអង់គ្លេសដែលមានចំណងថា «ពិធីសំពះគ្រូល្ខោន» ។