Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាព្រមានប្តឹងទៅ UN បើសិន«ដ្រូនគ្មានមនុស្សបើក»បន្តហោះចូលដែនដីកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មិថុនានេះ បានព្រមានប្តឹងទៅអង្គការសហប្រជាជាតិ (UN) បើមានដ្រូនបន្តហោះចូលដែនដីកម្ពុជា។ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងកម្ពុជារកឃើញថា មានការបំពានជាបន្តបន្ទាប់ ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា បង្ហោះចូលដែនដីកម្ពុជា។

រដ្ឋាភិបាលកម្ពុជា បានហៅការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភ បំពានយ៉ាងគន្លើន និង មិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា ហើយបានអំពាវនាវដល់ប្រទេសអាស៊ាន រួមគ្នាប្រឆាំងនឹងការប្រើដ្រូនចូលទឹកដីប្រទេសជាសមាជិក។

យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសកម្ពុជា បានអះអាងថា ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និង គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់ មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ។

កម្ពុជាបានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការបន្តខាងផ្លូវច្បាប់ និង ការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះ មកលើអធិបតេយ្យភាព និងបូរណ៍ភាពទឹកដីរបស់កម្ពុជា។

សូមរំលឹកថា កាលពី២សប្តាហ៍កន្លងទៅ មានក្រុមបះបោរ ក្នុងប្រទេសវៀតណាម បានបើកការវាយលុកទៅលើសាលាឃុំចំនួន២ របស់វៀតណាម ស្ថិតនៅឈមគ្នានឹងខេត្តរតនគីរីរបស់កម្ពុជា ដែលក្នុងពេលតែមួយនោះ មេឃុំ លេខាបក្សឃុំ ប៉ូលិស ប្រជាពលរដ្ឋមួយចំនួនត្រូវបានសម្លាប់។

ប្រឈមនឹងបញ្ហានេះ សម្តេច ហ៊ុន សែន ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់កម្លាំងប្រដាប់អាវុធកម្ពុជា ជាពិសេសនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងទឹកដីខេត្តរតនគិរី និងមណ្ឌលគិរី ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ត្រៀមទប់ស្កាត់ក្រុមបះបោរជនជាតិភាគតិចនៃប្រទេសវៀតណាម ដែលមានបំណងរត់ចូលក្នុងទឹកដីកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង