អាមេរិក៖ ស្ថានទូតចិនប្រចាំនៅអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា ភាគីអាមេរិកបានតម្រូវជាឯកតោភាគីនាថ្ងៃទី ២១ ឱ្យភាគីចិនបិទស្ថានអគ្គកុងស៊ុលចិនប្រចាំនៅក្រុងHoustonជាកំហិត នេះគឺជាការបង្ករឿងខាងនយោបាយចំពោះភាគីចិន បានល្មើសនឹងច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ក្នុងចេតនាបំផ្លាញដល់ទំនាក់ទំនងរវាងចិននិងអាមេរិក ។ ភាគីចិនសម្តែងការថ្កោលទោសយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។
សេចក្តីថ្លែងការណ៍ចែងថា ភាគីចិនប្រកាន់ខ្ជាប់ជានិច្ចនូវការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ ។ ស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំនៅអាមេរិកបានបំពេញការងារនៅអាមេរិកដោយប្រតិបត្តិតាមជានិច្ចនូវកតិកាសញ្ញាស្តីពីទំនាក់ទំនងផ្លូវទូតក្រុងវីយេននិងកតិកាសញ្ញាស្តីពីទំនាក់ទំនងកុងស៊ុលក្រុងវីយេន ។ ការចោទប្រកាន់ពាក់ព័ន្ធពីសំណាក់ភាគីអាមេរិកគឺគ្មានភស្តុតាងអ្វីទាល់តែសោះ ។ ដោយសារតែភាគីអាមេរិកមួលបង្កាច់និងញុះញង់ឱ្យមានការចងគំនុំនាពេលកន្លងទៅថ្មីៗនេះ បានជាស្ថានទូតចិនប្រចាំនៅអាមេរិកទទួលបានសារគំរាមកំហែងដែលសំដៅចំពោះអង្គការការទូតនិងបុគ្គលិកការទូតចិនប្រចាំនៅអាមេរិកជាច្រើនលើកមកហើយក្នុងពេលកន្លងទៅនេះ ។
សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា ភាគីចិនដាស់តឿនអាមេរិកឱ្យលុបចោលសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងពាក់ព័ន្ធភ្លាម បើពុំនោះសោត ភាគីចិននឹងតបតវិញដ៏ចាំបាច់តាមផ្លូវច្បាប់ ៕
