
ភ្នំពេញ៖ រយៈពេល៥ខែ ដើមឆ្នាំ២០២៣នេះ កម្លាំងមានសមត្ថកិច្ច បង្ក្រាបគ្រឿងញៀនបានចំនួន៣១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យ បានចំនួន៧៤៨០នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀនបានចំនួន៨៣៨គីឡូក្រាម ៧៧២,៦ក្រាម។ នេះបើតាមប្រសាសន៍របស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្តេច ស ខេង បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនជាង ៨៣៨គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់។ ពាក់ព័ន្ធនឹងគ្រឿងញៀននេះ គ្រាន់តែនៅរាជធានីភ្នំពេញ កម្លាំងមានសមត្ថកិច្ចបង្ក្រាបបានជាង៥តោនកន្លះ ដែលយើងត្រូវដុតបំផ្លាញចោលពេលនេះ ។ ប៉ុន្តែក្នុងចំនួននេះ មិនបានគិតពីសារធាតុគីមីផ្សេងៗ ដែលយើងត្រូវបន្សាប និងរំលាយចោលនៅពេលក្រោយនោះទេ។
សម្ដេច ស ខេង បានបញ្ជាក់ថា ករណីគ្រឿងញៀននេះ នៅតែកើនឡើងជាលំដាប់ដែលទាមទារឲ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវតែមានឆន្ទៈខ្ពស់ ក្នុងការបង្ក្រាប់ ព្រោះថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋរបស់យើង ពិសេសស្រទាប់យុវវ័យ ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។
ដោយឡែក ចំពោះការងារអប់រំកែប្រែ និងស្តារនីតិសម្បទា គណៈកម្មាធិការបានយកចិត្តទុកដាក់បញ្ចូនជនរងគ្រោះ ដោយសារគ្រឿងញៀនទាំងដើមគ្រា និងក្នុងគ្រា បញ្ចូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ សរុបចំនួន ៧.១៧៦នាក់ (នារី ៣៥២នាក់) បញ្ចូនទៅព្យាបាលនៅតាមសហគមន៍ ចំនួន ៧នាក់ (នារី ១នាក់) និងបានធ្វើសមាហរណកម្មជនរងគ្រោះ ដែលបានទទួលការព្យាបាលរួច ឲ្យចូលទៅរស់នៅក្នុងសហគមន៍វិញ ចំនួន ៥.២៩០នាក់ (នារី ២៧៩នាក់) ផងដែរ។
សូមជម្រាបថា នៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកោះពេជ្រ នៅថ្ងៃទី២៨មិថុនានេះ គ្រឿងញៀនចំនួនជិត ៦តោន ត្រូវបានដុតបំផ្លាញចោល ក្នុងចំណោមគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ទម្ងន់សរុប ៣៤២តោន ២៥៧គីឡូក្រាម និង៦១៨.៦០ក្រាម ដែលរឹបអូសបានពីបទល្មើសគ្រឿងញៀន ៤៧សំណុំរឿង ក្នុងរាជធានីភ្នំពេញ៕

