Cctime 6monthsfree desktop
Cc times  web banner kh (2)

ការអប់រំ STEM មិនមែនជាការទន្ទេញ តែផ្ដោតសំខាន់លើការវិភាគ និងការគិតបែបស៊ីជម្រៅ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ADB

ភ្នំពេញ៖ នៅក្នុងថ្នាក់រៀន មុខវិជ្ជាវិទ្យាសាស្ដ្រទាំងអស់ គឺសុទ្ធតែទាក់ទងគ្នា ភាគច្រើនមុខវិជ្ជាទាំងនេះត្រូវបានគេបែងចែកដាច់ពីគ្នា។ ប៉ុន្ដែដើម្បីងាយស្រួលក្នុងការសិក្សា គេបានបញ្ចូលមុខវិជ្ជា វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ចូលគ្នា តាមរយៈការដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោក។ ការអប់រំ STEM មិនមែនផ្ដោតលើការទន្ទេញនោះទេ ប៉ុន្ដែផ្ដោតសំខាន់លើការវិភាគ និងការគិតបែបស៊ីជម្រៅ។ ការប្រើប្រាស់ការអប់រំ STEM សិស្សានុសិស្សនឹងមានឱកាសស្វែងយល់បន្ថែម សួរសំណួរ ពិសោធន៍ និងការបង្កើតកំហុស ដើម្បីក្លាយជាអ្នកសិក្សាពេញមួយជីវិត។

STEM តំណាងឲ្យវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ STEM គឺសុទ្ទតែនៅជុំវិញយើង ដូចជាទូរស័ព្ទ ម៉ូតូ និងអាហារដែលកំពុងចម្អិន ជាដើម។ ទោះយើងមិនមិនបានចាប់ភ្លឹកក៏ដោយ ក៏យើងកំពុងប្រើប្រាស់ជំនាញ STEM ជារៀងរាល់ថ្ងៃ។ វិស័យ STEM គ្រប់ដណ្ដប់នូវមុខវិជ្ជា និងជំនាញជាច្រើនដូចជា រូបវិទ្យា គីមីវិទ្យា រហូតទៅដល់បច្ចេកវិទ្យាជីវសាស្ដ្រ វិស្វកម្មសំណង់ស៊ីវិល ការសរសេរកូត Robotic រូបវិទ្យា តារាសាស្ដ្រ និងផ្សេងៗ ជាច្រើនទៀត។ ទោះបីជាយើងមិនធ្លាប់ដឹងពី STEM ពីមុនក៏ដោយ ក៏យើងបានរៀនពីវារួចមកហើយ តាយរយៈមុខវិជ្ជានៅសាលាដូចជា គណិតវិទ្យា និងវិទ្យាសាស្ដ្រ ជាដើម។

រូបភាព៖ ADB

មុខវិជ្ជា វិទ្យាសាស្ដ្រទាំងអស់ គឺសុទ្ធតែទាក់ទងគ្នា ដូចជានៅពេលដែលសិស្សធ្វើពិសោធន៍គីមី ពួកគេក៏ត្រូវប្រើប្រាស់គណិតវិទ្យាដែរ ឬក៏ពេលដែលរៀនរូបវិទ្យា ពួកគេក៏ត្រូវយល់ពីគីមីវិទ្យានៃរូបវិទ្យាដែលពួកគេកំពុងប្រើប្រាស់ដែរ។ នៅក្នុងថ្នាក់រៀនភាគច្រើនមុខវិជ្ជាទាំងនេះត្រូវបានគេបែងចែកដាច់ពីគ្នា ប៉ុន្ដែមានវិធីសាស្ដ្រមួយ ដែលអាចឲ្យសិស្សានុសិស្សសិក្សាពី STEM ដោយមានភាពងាយស្រួល និងគួរឲ្យចូលចិត្តជាងមុន។ វិធីសាស្ដ្រនោះ គឺការអប់រំ STEM បញ្ចូលគ្នា ដោយបញ្ចូលមុខវិជ្ជាទាំង៤ចូលគ្នា តាមរយៈការដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោក។ វិធីសាស្ដ្រមួយនេះ ប្រើប្រាស់នូវមធ្យោបាយបង្រៀនបែបសកម្ម ដែលអាចឲ្យសិស្សរៀនតាមរយៈការអនុវត្ត។ សិស្សធ្វើការអនុវត្តជាមួយគ្នា សហការ ទំនាក់ទំនង ស្រាវជ្រាវ និងដោះស្រាយបញ្ហាដោយខ្លួនឯង។ ការអប់រំ STEM មិនមែនផ្ដោតសំខាន់លើការទន្ទេញនោះទេ ប៉ុន្ដែផ្ដោតសំខាន់លើការវិភាគ និងការគិតបែបស៊ីជម្រៅ។ ជាមួយគ្នានោះ ការប្រើប្រាស់ការអប់រំ STEM សិស្សនឹងមានឱកាសស្វែងយល់បន្ថែម សួរសំណួរ ពិសោធន៍ និងការបង្កើតកំហុស ដើម្បីក្លាយជាអ្នកសិក្សាពេញមួយជីវិត។

ការអប់រំ STEM នៅតែមានប្រយោជន៍សម្រាប់គ្រប់ៗគ្នា ព្រោះវាអាចបង្រៀនសិស្សអំពីជំនាញ ដែលហៅថាជំនាញសម្រាប់សតវត្សរ៍ទី២១ ដែលជាជំនាញសំខាន់ៗរួមមាន ការដោះស្រាយបញ្ហា ការគិតស៊ីជម្រៅ ការសហការគ្នា ការច្នៃប្រឌិត និងការបង្កើតថ្មី។ បច្ចុប្បន្ន អ្នកជំនាញ STEM គឺកំពុងមានតម្រូវការខ្ពស់ មានជំនាញជាច្រើនដែលសិស្សានុសិស្សអាចបន្ដបាន ប្រសិនបើពួកគេសិក្សាមុខវិជ្ជា STEM។ មុខវិជ្ជាទាំងនោះមានដូចជា វេជ្ជបណ្ឌិត វិស្វករ អ្នករចនាក្រាហ្វិច អ្នកជំនាញផ្នែកអគ្គិសនី តារារូបវិទ្យាវិទូ និងអាជីពជាច្រើមមុខទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង