
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៦-២៨ មិថុនា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ដល់មន្រ្តី-បុគ្គលិក និងកម្មករជំនាញ ៣៧នាក់។ វគ្គបណ្តុះបណ្តាល ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវបុរាណវិទ្យាដល់មន្រ្តី-បុគ្គលិក និងកម្មករឲ្យមានជំនាញលើការស្រាវជ្រាវ វិធីសាស្រ្តក្នុងការរៀបចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលជំនាញស្រាវជ្រាវបុរាណវិទ្យា ផ្តោតលើមាតិកាសំខាន់ៗដូចជា សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត, វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា, សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា, ចុះសិក្សាផ្ទាល់នៅការដ្ឋានកំណាយសំខាន់ៗនៅក្នុងតំបន់អង្គរ វិធីធ្វើកំណាយ របៀបកត់ត្រាស្រទាប់ដី និងថតរូប និង សារសំខាន់នៃកំណាយបុរាណវិទ្យា និងបុរាណវត្ថុដែលប្រទះឃើញ។
បើទោះបីវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី តែបានផ្តល់ជាគន្លឹះយ៉ាងសំខាន់បន្ថែមទៀតសម្រាប់មន្រ្តី-បុគ្គលិកផ្នែកបុរាណវិទ្យា និងកម្មករជំនាញដែលធ្វើការផ្ទាល់នៅតាមការដ្ឋាន និងបានសិក្សានូវទ្រឹស្តីបន្ថែមដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពត្រឹមត្រូវតាមស្តង់ដារតែមួយ។ វគ្គបណ្តុះបណ្តាលនេះ ប្រៀបបានការបន្ថែមចំណេះដឹងឱ្យបានដឹងពីសញ្ញាណទូទៅនៃបុរាណវិទ្យា និងសញ្ញាណទូទៅនៃប្រវត្តិសាស្រ្ត៕

