Cctimesw1140xh150cm copy

«អគារសាលាយុត្តិធម្ម»ដ៏ស្កឹមស្កៃប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ១៤.៦លានដុល្លារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម»ដោយចំណាយថវិកាសាងសង់សរុបប្រមាណ ១៤.៦លានដុល្លារ។ «អគារសាលាយុត្តិធម្ម» ជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារសាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយកតាមលំនាំអគារសាលាយុត្តិធម៌ ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្នជាអគារទីស្ដីការ ក្រសួងយុត្តិធម៌។

អគារសាលាយុត្តិធម្ម ថ្មីដ៏ស្កឹមស្កៃនេះ មានបណ្ដោយ ៦២ម៉ែត្រ ទទឹង ៦០ម៉ែត្រ កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣,០៣៥ម៉ែត្រក្រឡា ព្រមទាំងបំពាក់ប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។

ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤.៦លានដុល្លារអាមេរិក និងអនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។

អគារសាលាយុត្តិធម្ម ថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូងរាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺយកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា «វិមានយុត្តិធម៌» (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ។

បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរម្លឹកពីដំណើរដើមទងដែលនាំមានការសាងសង់ «អគារសាលាយុត្តិធម្ម» នេះថា ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ភ្នំពេញ មានទំហំតូច ហើយស្ថានភាពទីតាំងមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជាមិនមានចំនួនសាលសវនាការគ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការនៃការងារ។

ដោយមើលឃើញពីបញ្ហាខាងលើជាក់ស្តែងនោះ សម្ដេចនាយករដ្ឋមន្ត្រី បានសម្រេច ផ្តល់ដីមួយកន្លែងទំហំ ៩,៤៥៦ ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្តោយផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) និងបានអនុញ្ញាតមានការសាងសង់នូវ អគារសាលាយុត្តិធម្មថ្មី ដ៏ធំមួយនៅលើទីតាំងដីនេះ ដែលនឹងក្លាយជាកន្លែងបំពេញការងាររួមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអង្គការអយ្យការអមសាលាជម្រះក្តីទាំងពីរនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង