ភ្នំពេញ៖ យុវតី កៅ ម៉េងហ័ង ត្រូវបានជ្រើសរើសចូលរួមកម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ឆ្នាំ២០២៣ - Asian Youth Leaders 2023” នៅប្រទេសជប៉ុនដែលនឹងចូលរួមពិភាក្សាជាមួយនឹងសិស្សបណ្តាប្រទេសផ្សេងៗទៀតពីមូលបទ “The Future of Food from the Perspective of Sustainable Food Consumption”។
បើតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ បានឱ្យដឹងថា យុវតី កៅ ម៉េងហ័ង ជាសិស្សតែមួយរូបគត់ដែលមកពីសាលារដ្ឋដែលត្រូវបានជ្រើសរើសក្នុងចំណោមសិស្សនៅសាលាឯកជនផ្សេងៗទៀតដើម្បីចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី នៅប្រទេសជប៉ុនខាងមុខនេះ។
យុវតី ម៉េងហ័ង ជាសិស្សមួយរូបដែលកំពុងសិក្សាថ្នាក់ទី១២ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យពាមជីកង ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម។
ក្រៅពីការសិក្សានៅក្នុងថ្នាក់ទី១២ យុវតីរូបនេះធ្លាប់បានប្រឡូកក្នុងការប្រកួតប្រជែងជាច្រើននៅក្នុងកម្មវិធីធុរកិច្ចបែបថ្មី ដែលផ្តោតលើបច្ចេកវិទ្យាដែលមានដូចជា Bondos Digital Startup, Techo Startup Center, Business Model Competition Cambodia និងកម្មវិធីផ្សេងៗទៀតជាច្រើន ។
គម្រោងដែល យុវតីមួយនេះកំពុងតែធ្វើមានឈ្មោះថា Stemunity ដែលកំពុងតែទទួលបានការគាំទ្រជាបន្តបន្ទាប់ពីស្ថាប័នរៀបចំកម្មវីធីប្រកួតផ្សេងៗដែលនឹងជម្រុញឱ្យយុវតីរូបនេះបន្តក្នុងការធ្វើការពាក់ព័ន្ធនឹងបច្ចេកវិទ្យាដើម្បីសិស្សជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។
ថ្មីៗនេះ ម៉េងហ័ងបានធ្វើដំណើរទៅជាច្រើនប្រទេសដើម្បីចូលរួមកម្មវីធីផ្សេងៗដែលពាក់ព័ន្ធនឹងយុវជន និងបច្ចេកវិទ្យា ដោយសារតែចំណង់ចំណូលចិត្តរបស់ខ្លួន និងការព្យាយាមដាក់ពាក្យរហូតបានជោគជ័យក្នុងកម្មវិធីជាច្រើន។
គួបផ្សំជាមួយនឹងបទពិសោធន៍ដ៏សកម្មក្នុងវ័យក្មេងបែបនេះ យុវជនរូបនេះត្រូវបានជ្រើសរើសទៅចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាដែលខ្លួនបានប្រឡូក ទៅកាន់សិស្សប្រមាណ ៥០០ នាក់ នៅក្នុងកម្មវិធីមួយដែលត្រូវបានរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថា យុវតីរូបនេះទើបតែបានចូលរួមកម្មវិធីផ្សេងៗនៅក្រៅប្រទេស ដូចជានៅប្រទេសឥណ្ឌូនេស៊ី កាលពីខែឧសភាកន្លងទៅនេះជាមួយនឹងយុវជន ៦រូបផ្សេងទៀតដែលមកពីកម្ពុជា និងទៅប្រទេសស៊ុយអែតផងដែរ។