
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៤,៣៤១នាក់ ដើម្បីចូលរួមសង្កេតមើលដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ក្នុងសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប បានឲ្យដឹងថា អ្នកសង្កេតការណ៍ជាតិជាង៧ម៉ឺននាក់នេះ មកពី៦៥សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស សរុបចំនួន៣រូប មកពី២ស្ថាប័ន។ គ.ជ.ប បានអះអាងទៀតថា នៅពេលនេះ ខ្លួនកំពុងពិនិត្យពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងភ្ញៀវពិសេសមួយចំនួនទៀត។
គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចូលរួមចំនួន១៨គណបក្ស៕