Cctimesw1140xh150cm copy

និស្សិតខ្មែរ ០៤រូបប្រាប់ពីបទពិសោធន៍សិក្សារបស់ខ្លួន បន្ទាប់ពីជាប់អាហារូបករណ៍ជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
និស្សិតកម្ពុជាចំនួន ០៤រូប ក្នុងចំណោមនិស្សិតអាហារូបករណ៍ដែលបានជាប់អាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន (MEXT Scholarship) ផ្សេងៗទៀត សម្រាប់បន្តការសិក្សាថ្នាក់ក្រោមឧត្តមសិក្សាឆ្នាំ២០២០ (រូបភាព៖ និស្សិតទាំងបួនរូប)

ភ្នំពេញ៖ ស៊ីស៊ីថាមស៍បានធ្វើការសម្ភាសន៍ដល់និស្សិតកម្ពុជាអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន (MEXT Scholarship) ចំនួន ០៤រូប ដែលស្ថិតក្នុងចំណោមនិស្សិតអាហារូបករណ៍ផ្សេងៗទៀត សម្រាប់បន្តការសិក្សាថ្នាក់ក្រោមឧត្តមសិក្សាឆ្នាំ២០២០ រយៈពេលសិក្សាចំនួន ០២ឆ្នាំ ថ្នាក់អនុបណ្ឌិត។ កាលដើមខែមេសា ឆ្នាំ២០២០កន្លងទៅ និស្សិតទាំងអស់គ្នានោះ ទើបតែចេញដំណើរទៅដល់ប្រទេសជប៉ុន ហើយបានថ្លែងពីបទពិសោធន៍ និងចំណេះដឹងមួយចំនួនអំពីការទទួលបានអាហារូបករណ៍នោះ។

លោក ជា ឌីម៉ង់ ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកព័ត៌មានវិទ្យា នៅក្នុងសាកលវិទ្យាល័យក្យូតុ(Kyoto) ស្រុកកំណើតនៅភ្នំពេញ និយាយថា « ចង់ផ្លាស់ប្ដូរជីវិតរបស់ខ្លួនតាមរយៈការរៀនសូត្រ ការស្គាល់ និងការរស់នៅប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំង។ ប្រទេសជប៉ុន ជាគោលដៅដ៏ល្អ ព្រោះជាប្រទេសមានការអភិវឌ្ឍន៍ខ្លាំងទៅលើច្រើនវិស័យ រួមទាំងជំនាញបច្ចេកវិទ្យា និងព័ត៌មានវិទ្យាជាជំនាញខ្ញុំត្រូវបន្តការសិក្សា។ ហើយការរស់នៅ និងប្រជាជននៅទីនោះ គឺទទួលស្គាល់ថាមានសណ្តាប់ធ្នាប់ និងវិន័យល្អណាស់ ដែលស្នាក់នៅទីនោះមានផាសុខភាព និងងាយស្រួល»។

អតីតនិស្សិតផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE) (រូបភាព៖ លោក ជា ឌីម៉ង់)
លោក ជា ឌីម៉ង់ បច្ចុប្បន្នជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកព័ត៌មានវិទ្យា នៅក្នុងសាកលវិទ្យាល័យក្យូតុ(Kyoto) ស្រុកកំណើតនៅភ្នំពេញ (រូបភាព៖ លោក ជា ឌីម៉ង់)

ជាតាមពិតទៅ អតីតនិស្សិតផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE) វ័យ២៥ឆ្នាំរូបនេះ មិនមានគម្រោងបន្តការសិក្សាភ្លាមៗនោះទេ គឺចង់ទទួលបានឱកាសការងារ នៅប្រទេសជប៉ុនរយៈពេល ២ ឬ៣ឆ្នាំសិន ដើម្បីទទួលបានបទពិសោធន៍ចំណេះដឹងល្អៗ ត្រលប់មកកម្ពុជា ដើម្បីបម្រើការងារនានា ដើម្បីលើកស្ទួយវិស័យបច្ចេកវិទ្យាកម្ពុជា។

(រូបភាព៖ លោក ជា ឌីម៉ង់)
លោក ជា ឌីម៉ង់ ពេលទៅកំសាន្តនៅ Mimurodo Temple នៅប្រទេសជប៉ុន (រូបភាព៖ លោក ជា ឌីម៉ង់)

លោក ជា ឌីម៉ង់ បន្តថា « ជាចុងក្រោយខ្ញុំសូមប្អូនសិស្សនិស្សិត គួរព្យាយាមរៀនសូត្រ តាមរយៈការរៀនថ្មីៗ និងការអាន ក្នុងការបង្កើនចំណេះដឹងថ្មីៗ តាំងពីនៅថ្នាក់ក្រោមមក។ ហើយការសិក្សានេះ ពិតជាមានឥទ្ធិពលខ្លាំងទៅលើរឿងផ្សេងៗទៀត ដែលយើងត្រូវការពេលក្រោយ។ យើងគ្រប់គ្នាជាធនធានមនុស្ស និងជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ»។


ថ្លែងពីកញ្ញា នួន សុភក្ដិ ជានិស្សិតជំនាញវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មកពីខេត្តស្វាយរៀង ដែលសិក្សាបន្តថ្នាក់អនុបណ្ឌិត ជំនាញកសិកម្ម ផ្នែកវិទ្យាសាស្ត្របរិស្ថាន និងបច្ចេកវិទ្យា នៅក្នុងសាកលវិទ្យាល័យក្យូតុ(Kyoto) បាននិយាយថា «មុននឹងបន្ដការសិក្សាអាហារូបករណ៍នេះ ខ្ញុំបានបម្រើការងារ ៤ឆ្នាំកន្លះ ក្រោយរៀនចប់។ ខ្ញុំជឿជាក់ថា ឱកាសនេះល្អបំផុត ដែលអាចឲ្យខ្ញុំបានចេញទៅមើលពីពិភពខាងក្រៅ ដើម្បីផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាព ចំណេះដឹង ការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាមួយផ្នែកផងដែរ»។

កញ្ញា នួន សុភក្ដិ ជានិស្សិតជំនាញវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មកពីខេត្តស្វាយរៀង 
(រូបភាព៖ កញ្ញា នួន សុភក្ដិ)

និស្សិតសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស័យកសិកម្មរូបនេះ ប្រាប់ថា «ចំពោះការដាក់អាហារូបករណ៍មួយនេះ ខ្ញុំមានការតាំងចិត្តខ្ពស់បំផុត ហើយខ្ញុំតែងតែដើរទៅមុនមួយជំហានជានិច្ច។ ខ្ញុំអត់ចាំដល់លទ្ធផលមួយចេញហើយ ទើបបន្ដជំហានមួយទៀតនោះទេ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងមកកម្ពុជាដើម្បីចូលរួមជាចំណែកមួយក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មក្នុងប្រទេសយើង ដោយយកចំណេះដឹងដែលបានរៀនសូត្រ ក៏ដូចជាបទពិសោធ មកបម្រើនៅក្នុងវិស័យកសិកម្មនៅមាតុភូមិខ្លួន ដូចជាបម្រើការងារតាមស្ថាប័នរដ្ឋ ឬឯកជននានា»។

កញ្ញា សុភក្ដិ ពេលទៅកំសាន្តនៅ Mimurodo Temple  (រូបភាព៖ កញ្ញា នួន សុភក្ដិ)
កញ្ញា សុភក្ដិ បច្ចុប្បន្នជានិស្សិតសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្របរិស្ថាន និងបច្ចេកវិទ្យា នៅក្នុងសាកលវិទ្យាល័យក្យូតុ(Kyoto) នៅប្រទេសជប៉ុន
(រូបភាព៖ កញ្ញា នួន សុភក្ដិ)

សម្រាប់មតិយោបល់ពីកញ្ញា សុភក្ដិ ដល់សិស្សនិស្សិតដែលមិនទាន់មានគោលដៅច្បាស់លាស់ សូមព្យាយាមសិក្សារៀនសូត្រ ស្វែងយល់ពីខ្លួនឯង ដោយការសាកល្បងធ្វើ ហើយប្រសិនបើមិនទាន់ដឹងទេ សូមកុំបោះបង់ដោយងាយៗ ព្រោះជួនកាលពេលខ្លះ អ្វីដែលយើងកំពុងធ្វើអាចកំពុងនាំយើង ទៅស្វែងយល់ចំណង់ចំណូលចិត្តខ្លួនឯងពិតប្រកប ឬ គោលដៅរបស់យើង។ ហើយចំពោះអ្នកដែលមានគោលបំណងច្បាស់លាស់ហើយ ប្រឹងប្រែងធ្វើអ្វីដែលខ្លួនឯងស្រលាញ់ ហើយក៏ស្រលាញ់អ្វីដែលខ្លួនឯងកំពុងធ្វើ ដោយប្រឹងប្រែងឲ្យអស់ពីលទ្ធភាព សម្រេចគោលដៅ។

កញ្ញា ហ្គេកលាង អតីតនិស្សិតជំនាញវិស្វកម្មធនធានទឹកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា( ITC)  
បច្ចុប្បន្នជានិស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យក្យូតុ(Kyoto) (រូបភាព៖ កញ្ញា ហ្គេកលាង)

ក្រឡេកទៅមើល និស្សិតជំនាញវិស្វកម្មធនធានទឹក នៅក្នុងសាកលវិទ្យាល័យក្យូតុ(Kyoto) កញ្ញា ហាក់ ហ្គេកលាង ថា « មែនទែនទៅ ថ្ងៃសម្ភាសន៍ ចំថ្ងៃត្រូវឡើងការពារសារណាបញ្ចប់បរិញាបត្រកម្រិតវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពោលគឺឡើងការពារពេលព្រឹក ហើយសម្ភាសន៍ពេលរសៀល។ ខ្ញុំខ្លាចថាធ្វើមិនបានល្អក្នុងឱកាសទាំងពីរនេះ។ ទីបំផុត ខ្ញុំអាចជំនះ និងទទួលបានលទ្ធផលល្អបែបនេះ។ ការតាំងចិត្ត និងការរៀបចំត្រៀមខ្លួនសំរាប់ដំណាក់កាលនីមួយៗ ពិតជាមានសារះសំខាន់ណាស់»។

អតីតនិស្សិតមកពីខេត្តកំពង់ចាម សិក្សាជំនាញវិស្វកម្មធនធានទឹក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) វ័យ ២៣ឆ្នាំរូបនេះ ប្រាប់ថា «នាពេលអនាគត បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសជប៉ុនហើយនោះ កញ្ញាមានគម្រោងនឹងត្រលប់មកបំពេញការងារនៅប្រទេសកម្ពុជាវិញ ដោយប្រើប្រាស់នូវចំណេះដឹងដែលកញ្ញាមាន ដើម្បីបំពេញនូវការងារជាក់ស្ដែង ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទៅលើវិស័យធនធានទឹក ហើយបើមានឱកាសកញ្ញានឹងបន្តការសិក្សាបន្តទៀត»។

(រូបភាព៖ កញ្ញា ហ្គេកលាង)
កញ្ញា  ហ្គេកលាង (រូបភាព៖ កញ្ញា ហ្គេកលាង)

កញ្ញា ហ្គេកលាង ថ្លែងថា « ការជឿជាក់លើខ្លួនឯង ជាកត្តាសំខាន់ដែលរុញច្រានយើងឲ្យមានភាពជោគជ័យ។ គ្មានការជោគជ័យណាបានដោយងាយស្រួលដោយគ្មានការប្រឹងប្រែងនោះទេ។ យើងមិនគួរបោះបង់ឱកាសដែលមាននោះទេ ហើយបើយើងបរាជ័យ សូមកុំបោះបង់ចោល ពោលគឺត្រូវព្យាយាម និងប្រឹងប្រែងបន្តទៀត»។

ជាមួយគ្នានេះដែរ កញ្ញា គុណ វិច្ឆិកា រៀនផ្នែកវិស្វកម្មធនធានទឹក នៅក្នុងវិទ្យាល័យស្ថានបច្ចេកវិទ្យាតូក្យូ (Tokyo Institute of Technology) មកពីខេត្តសៀមរាប និយាយថា «បេក្ខជនប្រលងមានច្រើន ហើយស្ថានទូតបានកំណត់ GPA សរុបយ៉ាងហោចត្រឹម ២.៧៥។ ខ្ញុំដាក់ចិត្តធ្វើវិញ្ញាសាភាសាអង់គ្លេសឲ្យបានល្អបំផុត។ រហូតដល់ជាប់វគ្គសម្ភាសន៍ ត្រូវបានគណៈកម្មការសម្ភាសន៍សួរដេញដោលយ៉ាងតឹងរ៉ឹង ពីការងារខ្ញុំ ពួកគាត់ព្យាយាមឲ្យយើងការពារការងាររបស់យើង ដោយលើកយកហេតុផលដែលយើងមានព្រមទាំងភាពជឿជាក់របស់ខ្លួនយើង យកមកតតាំងជាមួយគណៈកម្មការ»។

(រូបភាព៖ កញ្ញា គុណ វិច្ឆិកា)
កញ្ញា គុណ វិច្ឆិកា អតីតនិស្សិតជំនាញផ្នែកវិស្វកម្មធនធនធានទឹកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)  (រូបភាព៖ កញ្ញា គុណ វិច្ឆិកា)

អតីតនិស្សិតជំនាញផ្នែកវិស្វកម្មធនធនធានទឹកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) វ័យ ២៣ឆ្នាំរូបនេះ អះអាងថា ពេលរៀនចប់ កញ្ញានឹងវិលត្រលប់មកបម្រើការងារលើវិស័យធនធានទឹកនៅកម្ពុជា ដោយចាប់អារម្មណ៍ខ្លាំងលើការគ្រប់គ្រងទឹកជំនន់ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ កញ្ញាក៏មានបំណងចង់បន្តការសិក្សាថ្នាក់បណ្ឌិតនៅថ្ងៃណាមួយផងដែរ បើសិនមានឱកាស។

កញ្ញា វិច្ឆិកា បច្ចុប្បន្នជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មធនធនធានទឹក  នៅ Tokyo Institute of Technology (រូបភាព៖ កញ្ញា គុណ វិច្ឆិកា)

កញ្ញា វិច្ឆិកា ប្រាប់ថា «ចំពោះប្អូនៗ ដែលចង់បានអាហារូបករណ៍ជប៉ុន(MEXT) អ្វីដែលត្រូវត្រៀមសំខាន់បំផុតនោះ គឺពិន្ទុGPA ចាប់ពី ២.៧៥ឡើងទៅ។ បន្ទាប់មកគឺកម្រិតនៃការយល់ដឹងនៃភាសាអង់គ្លេស បើទោះបីជាយើងមានពិន្ទុ IELTS ហើយក៏ដោយ តែតម្រូវឲ្យប្រលងវិញ្ញាសារភាសារអង់គ្លេសដែលរៀបចំឡើងម្តងទៀតដដែល ដែលតម្រូវឲ្យយើងត្រូវតែខ្លាំងត្រង់ភាសានេះ។ ហើយបើអាចចេះជប៉ុន រឹតតែល្អ »។

គួរបញ្ជាក់ថា មូលហេតុដែលនិស្សិតទាំង ០៤រូប ចាប់អារម្មណ៍ទៅលើអាហារូបករណ៍(MEXT)នេះខ្លាំង ព្រោះជាអាហារូបករណ៍របស់ក្រសួងអប់រំ ក្រោមកម្មវិធីរបស់រដ្ឋាភិបាលប្រទេសជប៉ុន ដើម្បីឲ្យឱកាស និស្សិតទូទាំងពិភពលោក បានបន្តសិក្សា ដោយមានការប្រកួតប្រជែងខ្ពស់ ហើយលក្ខខណ្ឌតឹងរឹង។ ដោយមើលឃើញអំពីលក្ខខណ្ឌរបស់អាហារូបករណ៍ បូករួមនឹងចំណង់ចំណូលចិត្តលើវិស័យអប់រំ វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត រួមផ្សំគោលដៅបន្តការសិក្សានៅប្រទេស ដែលជឿនលឿនដូចជប៉ុននោះ។

និស្សិតខ្មែរ ០៤រូប បានចែករំលែកបទពិសោធន៍សិក្សារបស់ខ្លួន បន្ទាប់ពីជាប់អាហារូបករណ៍ជប៉ុន(MEXT Scholarship) 
រូបភាពដោយ៖ (និស្សិតទាំង៤ )

ដូចដែលបានដឹងហើយថា និស្សិតអាហារូបករណ៍ទាំង ០៤រូបនេះ ក្នុងចំណោមនិស្សិតផ្សេងៗទៀតនោះនឹងត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល០២ឆ្នាំ និងរៀនភាសាជប៉ុនរយៈពេលកន្លះឆ្នាំទៀត ដែលផ្តល់អោយទាំងការបង់ថ្លៃពេញទៅលើការសិក្សា ការផ្គត់ផ្គង់សម្រាប់ការរស់នៅប្រទេសជប៉ុន ការហោះហើរទៅ និងមកវិញបន្ទាប់ពីបញ្ចប់ការសិក្សា បានផ្តល់នូវឱកាសបានទៅរស់នៅ និងស្គាល់ពីប្រទេសជប៉ុន។

និស្សិតទាំង ០៤រូប រៀបរាប់ថា ការត្រៀមខ្លួនដ៏ល្អមួយ គឺត្រៀមទាំងចំណេះដឹងជំនាញ ការពង្រឹងសមត្ថភាពភាសាអង់គ្លេស កំណត់គោលដៅច្បាស់លាស់ ការកសាងទំនាក់ទំនង និងការជឿជាក់យ៉ាងមុតមាំ រាប់តាំងពីរៀននៅថ្នាក់ ដើម្បីឲ្យមានពិន្ទុមធ្យមភាគGPA ឬនិទ្ទេសល្អគ្រប់គ្រាន់ អាចដាក់អាហារូបករណ៍បាន តាមលក្ខខណ្ឌ។

«ការចាប់ផ្តើមបើកទទួលពាក្យអាហារូបករណ៍(MEXT)រដ្ឋាភិបាលជប៉ុន២០២១» 

(ប្រភពរូបភាពពី៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា)

«ជាពិសេស ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ពីដំណាក់កាលនីមួយៗ និងលក្ខខណ្ឌរបស់អាហារូបករណ៍ ត្រូវត្រៀមគ្រប់គ្រាន់ និងតាមពេលកំណត់ នូវរាល់ឯកសារពាក់ព័ន្ធនានាមុនពេលដាក់ពាក្យប្រលង។ ជាក់ស្ដែងមានដំណាក់កាលធំៗគឺ ការប្រលងសរសេរ ការសម្រាំងឯកសារ និងការសម្ភាសន៍។ ទាំងនេះពិតជាមានសារះសំខាន់ណាស់សំរាប់សិស្សានុសិស្ស និងនិស្សិតទាំងអស់ដែលមានបំណងដាក់អាហារូបករណ៍ ពោលគឺអាហារូបករណ៍រដ្ឋាភិបាលជប៉ុន»។

និស្សិតទាំង០៤រូបថា « មានអារម្មណ៍រំភើបសប្បាយរីករាយ ខ្លាំងមែនទែន ចង់ស្រក់ទឹកភ្នែក។ ជោគជ័យទាំងនេះ ពួកខ្ញុំក៏ថ្លែងអំណរគុណទៅដល់ក្រុមគ្រួសារ មិត្តភក្ដិ មិត្តរួមការងារ លោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យដែលតែងតែជួយជំរុញ លើកទឹកចិត្ត និងជួយផ្តល់ និងប្រឹក្សាយោបល់នូវឯកសារចាំបាច់មួយ។ ពួកយើងនឹងប្ដេជ្ញាចិត្តក្នុងការខំប្រឹងសិក្សានៅប្រទេសជប៉ុន ហើយនឹងទទួលយកចំនេះដឹងថ្មីៗពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍប្រទេសមាតុភូមិខ្លួន ក្រោយពីត្រលប់មកប្រទេសកម្ពុជាវិញ » ។

និស្សិតទាំងបួនរូបក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន ហើយទើបតែទៅដល់ប្រទេសជប៉ុន កាលដើមខែមេសា ឆ្នាំ២០២០កន្លងទៅ
(ប្រភពរូបភាព៖ និស្សិតអាហារូបករណ៍ទាំង ០៤រូបនេះ)


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង