អ៊ូហ្គង់ដា៖ រដ្ឋាភិបាលអ៊ូហ្គង់ដាបានប្រកាសកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួនបានជួយសង្គ្រោះសិស្សបីនាក់ក្នុងចំណោមសិស្សទាំងប្រាំមួយនាក់ដែលត្រូវបានចាប់ពង្រត់នៅក្នុងការវាយប្រហារភេរវកម្មលើសាលាអនុវិទ្យាល័យឯកជនមួយនៅក្នុងតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួន។ សាលាអនុវិទ្យាល័យ Lubiriha ត្រូវបានវាយប្រហារដោយក្រុមឧទ្ទាម កាលពីថ្ងៃទី ១៦ ខែមិថុនា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤១ នាក់ស្លាប់ និងជាច្រើននាក់ទៀតត្រូវបានចាប់ពង្រត់ រួមទាំងសិស្សជាច្រើននាក់ផងដែរ។
របាយការណ៍បានបង្ហាញថា ក្រុមអ្នកវាយប្រហារដែលត្រូវបានគេសង្ស័យថាជាក្រុមឧទ្ទាមនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) បានសម្រុកចូលសាលារៀនដែលមានចម្ងាយពីរគីឡូម៉ែត្រពីព្រំដែននៃប្រទេសអ៊ូហ្គង់ដាជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ហើយបានឆ្ពោះទៅកាន់ឧទ្យានជាតិ Virunga ក្នុង DRC ។
អាជ្ញាធរអ៊ូហ្គង់ដា បានបញ្ជាក់ពីការស្លាប់របស់និស្សិតយ៉ាងហោចណាស់ ៣៧នាក់ និងការចាប់ពង្រត់មនុស្ស ៦នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារភេរវកម្ម។ ជនរងគ្រោះមួយចំនួនត្រូវបានសម្លាប់ដោយគ្រាប់បែកដែលពួកសកម្មប្រយុទ្ធដាក់នៅក្នុងសាលា។
អ្នកនាំពាក្យយោធាក្នុងតំបន់លោក Felix Kulayigye បាននិយាយនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃពុធថា មានសិស្សចំនួន ៦ នាក់ត្រូវបានចាប់ពង្រត់ ហើយ ៣ នាក់ត្រូវបានជួយសង្គ្រោះមកទល់ពេលនេះ។
ក្រុមអ្នកវាយប្រហារបានដុតបំផ្លាញតំបន់មួយចំនួន និងសាលាក្នុងកន្លែងកើតហេតុ។លោក Fred Enanga បានឲ្យដឹងថា សាកសពសរុបចំនួន ២៥ នាក់ត្រូវបានរកឃើញនៅក្នុងសាលា ហើយសិស្សចំនួន៨ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ កងទ័ពអ៊ូហ្គង់ដាបាននិយាយថា ប្រតិបត្តិការតាមប្រមាញ់ និងជួយសង្គ្រោះកំពុងដំណើរការ ដើម្បីចាប់ខ្លួនអ្នកវាយប្រហារ និងស្វែងរកសិស្សដែលកំពុងត្រូវបានចាប់ខ្លួន៕