Cctimesw1140xh150cm copy

លោក វុធ ច័ន្ទតារា៖ការងារជាអ្នកសារព័ត៌មានបើកឱកាសឱ្យយុវជនជួយសង្គមបានច្រើន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ អ្នកសារព័ត៌មាន ច័ន្ទតារា និស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ មិនធ្លាប់មានក្តីស្រមៃធ្វើការក្នុងវិស័យសារព័ត៌មានសោះ តែបែរជាចាប់ផ្តើមចាប់ចិត្តស្រលាញ់អាជីពនេះកាន់តែខ្លាំងបន្ទាប់ពីបានសិក្សាស្វែងយល់ច្បាស់ពីជំនាញនេះតាមរយៈបណ្តុះបណ្តាលផ្លូវការ។

លោក ច័ន្ទតារា ពេលចូលរួមកម្មវិធីកាលនៅជានិស្សិត

លោក វុធ ច័ន្ទតារា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា តាំងពីតូចលោកមិនធ្លាប់មានក្តីស្រមៃក្នុងការចាប់យកអាជីពការងារជាអ្នកសារព័ត៌មាននោះទេដោយសារតែមិនទាន់បានយល់ច្បាស់ពីការងារមួយនេះ។ លើសពីនេះ កាលពីនៅរៀនសាកលវិទ្យាល័យ លោក តារាមិនសូវចូលរួមកម្មវិធីដែលពាក់ព័ន្ធនឹងសារព័ត៌មានដែរ ព្រោះភាគច្រើនលោកចូលរួមកម្មវីធីបែបការពិភាក្សា ការចែករំលែកផ្សេងៗដែលពាក់ព័ន្ធនឹងការងារបែបទំនាក់ទំនងអន្តរជាតិដែលជាជំនាញសិក្សារបស់ខ្លួន។

លោក ច័ន្ទតារាកាលនៅជានិស្សិតឆ្នាំមូលដ្ឋាន

ថ្វីត្បិតតែលោកមិនដែលចូលរួមប្រឡូកក្នុងការងារសារព័ត៌មានក៏ពិតមែន ក៏ប៉ុន្តែលោកជាមនុស្សម្នាក់ដែលធ្លាប់ស្តាប់ព័ត៌មានតាំងពីវ័យកុមារភាពមកម្ល៉េះដោយសារតែឪពុករបស់ខ្លួនតែងតែបើកកម្មវិធីដែលនិយាយសារព័ត៌មានស្តាប់។ពេលដែលធំដឹងក្តី លោក តារា ចាប់ផ្តើមមានទម្លាប់ក្នុងការស្តាប់ព័ត៌មានផ្សេងៗដូចនឹងលោកពុករបស់ខ្លួនដែរ ដែលមានពេលខ្លះធ្លាប់ធ្វើត្រាប់និយាយតាមពាក្យបែបជាអ្នកសារព័ត៌មានទៀតផង តែក៏មិនទាន់ប្រាកដចិត្តថាខ្លួនពិតជាស្រលាញ់ការងារនេះនៅឡើយដែរ ។

រូបភាពលោកវុធ ច័ន្ទតារា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល

លោក តារា បានរៀបរាប់បន្តទៀតថា ខ្លួនចាប់ផ្តើមមានអារម្មណ៍ចាប់ចិត្តនឹងការប្រកបមុខអាជីពជាអ្នកសារព័ត៌មានក្រោយបានចូលរួមកម្មវិធីមួយនៅឆ្នាំ២០២០ ដែលបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ តាមរយៈការចូលរួមកម្មវិធីនេះរយៈពេលប៉ុន្មានខែ ធ្វើឱ្យលោកបានពង្រឹងសមត្ថភាពរបស់ខ្លួនបានច្រើន ដោយសារតែមានការរៀននៅក្នុងថ្នាក់ និងមានការចុះអនុវត្តផ្ទាល់ច្រើន។

លោក ច័ន្ទតារា ពេលចុះសម្ភាសក្នុងកំឡុងពេលសិក្សាជាសិក្ខាកាម

ការយល់ដឹងច្រើនពីវិស័យមួយនេះបានកាន់តែច្រើន ធ្វើឱ្យលោកសម្រេចចិត្តសាកល្បងនៅក្នុងការធ្វើរឿងនេះបន្តទៀត រហូតបានដឹងថាខ្លួនពិតជាស្រលាញ់អាជីពមួយនេះពិតមែន បានបន្តតាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នជាមួយនឹងការងារជាអ្នកសារព័ត៌មាន។

លោក ច័ន្ទតារា ថតជាមួយលោកគ្រូ និងមិត្តរួមជំនាន់ កាលនៅជានិស្សិត


ក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ លោក តារា បានបន្ថែមទៀតថា ការរៀនជំនាញមួយនេះមានភាពអំណោយផលសម្រាប់ការងាររបស់លោកក្នុងនាមជាអ្នកសារព័ត៌មានព្រោះថា ជំនាញនេះបានធ្វើឱ្យលោកអាចស្វែងយល់បានច្រើនមិនថាព័ត៌មានបែបជាតិ និងអន្តរជាតិ ដែលបង្កភាពងាយស្រួលក្នុងការចាប់មុំព័ត៌មានក្នុងការសរសេររៀបរាប់ឱ្យអ្នកអាន អ្នកទស្សនាទទួលបានខ្លឹមសារពេញលេញ។

លោក វុធ ច័ន្ទតារា ពេលចប់ពីសិក្ខាកាម ធ្វើការងារនៅ វិទ្យុបារាំងអន្តរជាតិ

ការងារជាអ្នកសារព័ត៌មានបានធ្វើឱ្យលោកមានបទពិសោធន៍ល្អជាច្រើន ពោលគឺលោកអាចរៀនសូត្របានច្រើនពីការងារនេះមិនថាក្នុងការរាយការណ៍ ការសរសេរ ការផ្សាយផ្ទាល់ ការចុះសម្ភាសផ្ទាល់ ការកាត់តវីដេអូផ្សេងៗ ដោយសារតែលោកចង់រៀនសូត្រពីវាឱ្យបានច្រើន។

ថ្វីត្បិតតែលោកស្រលាញ់ការងារនេះពិតមែន តែមានពេលខ្លះលោកក៏មានបញ្ហាប្រឈមគួរសមក្នុងការធ្វើការក្នុងតំណែងនេះ ដោយសារតែត្រូវមានភាពមមាញឹកច្រើនជាមួយនឹងទំនួលខុសត្រូវក្នុងការងារ ដែលធ្វើឱ្យលោកមានពេលវេលាសម្រាកមិនសូវបានច្រើន។ អ្វីដែលលោកបានរៀនសូត្រពីបញ្ហានេះ គឺត្រូវមានកំណត់ពេលសម្រាប់ខ្លួនឯងអាចសម្រាកលំហែខ្លះដើម្បីអាចត្រលប់មកធ្វើការងារនេះប្រកបដោយប្រសិទ្ធភាពប្រសើរឡើង ចៀសវាងការបង្ខំខ្លួនឯងខ្លាំងហួសកម្រិត។

រូបភាព លោកច័ន្ទតារា នៅថ្ងៃបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកម្ពុជា

យុវជនវ័យ ២៤ ឆ្នាំរូបនេះ បានបន្តទៀតថា ការងារជាការីនិពន្ធព័ត៌មានសេដ្ឋកិច្ចបានកែប្រែលោកបានច្រើន ជាពិសេសគឺផ្តល់ឱកាសឱ្យលោកអាចជួយសង្គមបានច្រើនជាងមុនតាមរយៈការបង្ហាញនូវព័ត៌មានទៅកាន់សារធារណៈជនឱ្យបានដឹងពីរឿងអ្វីដែលសង្គមមិនទាន់បានដឹង និងការបញ្ចេញសម្លេងរបស់ពលរដ្ឋទៅកាន់់សារធារណៈជនដើម្បីបានដឹង។

លោក តារា ចូលរួកកម្មវិធីចែករំលែកក្នុងនាមជាវាគ្មិនមួយរូប

គន្លឹះដែលលោកចង់ផ្តល់ដល់យុវជនដែលមានបំណងក្នុងការធ្វើការងារជាអ្នកសារព័ត៌មាន គឺសាកល្បងធ្វើវាសិន ដើម្បីដឹងថាតើខ្លួនពិតជាស្រលាញ់ការងារនេះពិតមែនដែរទេ ព្រោះប្រសិនបើមិនសាក យើងនឹងមិនអាចដឹងថាតើយើងពិតជាស្រលាញ់វាពិតមែនដែររឺអត់ទេ ទាល់តែសាកសិនទើបអាចដឹង។

គួរបញ្ជាក់ផងដែរថា លោក វុធ ច័ន្ទតារាបានបញ្ចប់ការសិក្សានៅឆ្នាំ២០២១ ជំនាញទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យកម្ពុជា ។ បច្ចុប្បន្នចាប់អាជីពជា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ច នៅ SBM NEWS៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង