Cctime 6monthsfree desktop
Cc times  web banner kh (2)

សហគមន៍វាយតំលៃការបង្កើតផ្លូវនៅលើកំពូលភ្នំត្បែងដែលភ្ជាប់សហគមន៍អេកូទេសចរណ៍បី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID ព្រៃឡង់បៃតង

ព្រះវិហារ៖ សហគមន៍ចំនួនបីនៅភ្នំត្បែង ក្នុងខេត្តព្រះវិហារ បានធ្វើការវាយតម្លៃទីតាំងជាបឋម ដើម្បីសាងសង់ផ្លូវទស្សនាថ្មីមួយខ្សែ ដែលមានប្រវែងសរុប ២០,២៣គីឡូម៉ែត្រ។ ផ្លូវទស្សនា នឹងចាប់ផ្ដើមពីចំណុចរឡើងភ្នំត្បែង តាមជណ្តើរឈើដែលទើបសាងសង់ថ្មីនៅ សហគមន៍ចាក់អង្រែ។ ផ្លូវលំនឹងតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូរ និងដា តាវឹក។

នៅលើកំពូលភ្នំ ផ្លូវលំនេះ នឹងត្រូវធ្វើកាត់តាមលំនាំធម្មជាតិនៃភ្នំ និងជ្រលងភ្នំ ដែលមាននៅលើភ្នំត្បែង។ កន្លែងសម្រាក និងចំណុចចាប់អារម្មណ៍ជាច្រើន នឹងត្រូវបានបញ្ចូលទៅក្នុងផ្លូវទស្សនាថ្មីនេះ សម្រាប់អ្នកឡើងភ្នំ។ នៅតាមផ្លូវទស្សនា នេះ នឹងមានទឹកហូរ ទឹកធ្លាក់ ដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ ជម្រក សត្វព្រៃនិងបក្សី ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច វត្តអារាម និងទីសក្ការៈបូជា។

រូបភាព៖ USAID ព្រៃឡង់បៃតង

ចំណុចកណ្ដាលនៃផ្លូវទស្សនានេះគឺជាកន្លែងបោះជំរុំនៅសហគមន៍តាំងយូរ ដែលភ្ញៀវទេសចរអាចចំណាយពេលគេងមួយយប់នៅទីនេះ ដែលរៀបចំដោយ សហគមន៍ ហើយវាមានទីតាំងស្ថិតនៅលើច្រាំងនៃភ្នំ។ ផ្លូវថ្មីនេះនឹងបញ្ចប់នៅ ត្រឹមសហគមន៍ដាតាវឹក ដែលភ្ញៀវទេសចរ នឹងចុះពីភ្នំត្បែង តាមរយៈជណ្តើរឈើ មួយផ្សេងទៀត។ ផ្លូវទស្សនានេះក៏អាចងាយស្រួលសម្រាប់ការជិះកង់លើភ្នំ ដែលកង់ក៏មានសម្រាប់ជួលនៅលើកំពូលភ្នំត្បែងនេះ។

ការធ្វើផ្លូវទស្សនាមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ ធម្មជាតិ និងនិរន្តរភាពរបស់វា។ ផ្លូវទស្សនាដែលត្រូវបានអភិវឌ្ឍ និងថែទាំបានល្អ បង្កើនបទពិសោធន៍របស់អ្នកទេសចរ និងអាចកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន នៅពេលដែលអ្នកទស្សនាស្វែងរកបទពិសោធន៍ដែលផ្សាភ្ជាប់ពួកគេ ជាមួយនិងធម្មជាតិ។ ផ្លូវទស្សនាអាចបំពេញគោលបំណងរបស់អ្នកទស្សនាបាន ច្រើន និងអាចបង្កើនការទស្សនាទៅកាន់សហគមន៍អេកូទេសចរណ៍ទាំងនោះ។

រូបភាព៖ USAID ព្រៃឡង់បៃតង

ផ្លូវទស្សនាគួរតែត្រូវបានរចនាឡើងដើម្បីបង្ករឱ្យមានភាពងាយស្រួលក្នុងការចូលទៅកាន់កន្លែងកំសាន្ត ហើយជាមួយគ្នានោះដែរអាចធ្វើអោយភ្ញៀវទេសចរកាន់តែនៅជិតជាមួយនិងធម្មជាតិតាមរយៈទីតាំង និងរូបរាងរបស់ផ្លូវទស្សនា។ ការរេចនាសង់ផ្លូវទស្សនាក៏ត្រូវគិតទៅដល់សណ្ឋានដី ដើម្បីកាត់បន្ថយកំលាំង ក្នុងការសាងសង់ និងការថែទាំ។ នៅពេលដែលការពិនិត្យ និងវាយតម្លៃបរិស្ថាន សម្រាប់ផ្លូវទស្សនាថ្មីនៅលើភ្នំត្បែងនេះត្រូវបានបញ្ចប់ សមាជិកសហគមន៍នឹងដាក់សំណើទៅអាជ្ញាធរឃុំ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និង អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ FAO) ដើម្បីការគាំទ្រហិរញ្ញវត្ថុ៕

រូបភាព៖ USAID ព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង