Cctimesw1140xh150cm copy

អ្នកគ្រូ វឌ្ឍនា បង្រៀនបំប៉នអង់គ្លេសនៅវិទ្យាល័យប្ញស្សីកែវសម្រាប់សិស្សខ្វះខាត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អ្នកគ្រូ កៅ សុវឌ្ឍនា បង្រៀនបំប៉នភាសាអង់គ្លេសនៅវិទ្យាល័យប្ញស្សីកែវ ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់សិស្សដែលមិនសូវមានជីវភាពធូរធារអាចមានឱកាសក្នុងការសិក្សាដោយឥតគិតថ្លៃ។

អ្នកគ្រូ កៅ សុវឌ្ឍនា 

អ្នកគ្រូ កៅ សុវឌ្ឍនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អ្នកគ្រូបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំភាសាអង់គ្លេសកាលឆ្នាំ២០២១ ពីវិទ្យាស្ថានភាសាបរទេស នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាបានចាប់ផ្តើមអាជីពជាគ្រូបង្រៀននៅអង្គការបង្រៀនដើម្បីកម្ពុជាតាំងពីឆ្នាំ២០២២ មកម្ល៉េះដែលបច្ចុប្បន្នមានបេសកកម្មបង្រៀនអង់គ្លេសសិស្សថ្នាក់ទី៧នៅវិទ្យាល័យប្ញស្សីកែវ ។

សកម្មភាពបង្រៀនស្ម័គ្រចិត្ត កាលអ្នកគ្រូ វឌ្ឍនាចុះបង្រៀននៅសាលាបឋមសិក្សាព្រែកប្រា

អ្នកគ្រូ វ័យ ២៣ ឆ្នាំរូបនេះ ធ្លាប់បានរៀនភាសាអង់គ្លេសតាំងពីនៅអាយុ ៥ឆ្នាំមកម្ល៉េះដែលជាហេតុធ្វើឱ្យខ្លួនអាចមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានសមរម្យ បង្កើនការចាប់អារម្មណ៍នៅក្នុងការបង្រៀនភាសាអង់គ្លេស។ កំឡុងពេលសិក្សានៅសាកលវិទ្យាល៍យ កញ្ញា ធ្លាប់បានស្ម័គ្រចិត្តបង្រៀនភាសាអងគ្លេស នៅសាលាបឋមសិក្សាព្រែកប្រាតាមរយៈគម្រោង Global Peace Alliance រយៈពេលពីរឆមាស ដែលស្មើនឹងមួយឆ្នាំសិក្សា។ បន្ថែមពីការស្ម័គ្រចិត្តក្នុងការបង្រៀន កញ្ញា ក៏ធ្លាប់បានចូលរួមកម្មវិធីស្ម័គ្រចិត្តផ្សេងទៀតដូចជា វិធី Mekong Film Festival , AISSEC, និង Kizuna ជាដើម។

សកម្មភាពសិស្សនៅក្នុងថ្នាក់រៀនទី​៧ នៅវិទ្យាល័យឬស្សីកែវ

ដោយសារតែការស្រលាញ់វិស័យក្នុងការចែករំលែកទៅកាន់សិស្ស អ្នកគ្រូ វឌ្ឍនាបានធ្វើការដាក់ពាក្យបម្រើការជាគ្រូបង្រៀនដើម្បីកម្ពុជារហូតបានជោគជ័យ ហើយបានបង្រៀននៅវិទ្យាល័យប្ញស្សីកែវតាំងពីឆ្នាំ២០២២ មកម្ល៉េះ។ តាមរយៈការបង្រៀនសិស្សត្រឹមរយៈពេលខ្លីនៅទីនោះ ធ្វើឱ្យអ្នកគ្រូបានឃើញពីបញ្ហាប្រឈមនៃមានសិស្សមួយចំនួនមានបញ្ហាក្នុងការប្រើប្រាស់ភាសាអង់គ្លេស ដែលជាហេតុធ្វើឱ្យសិស្សមួយចំនួនមិនសូវមានកម្លាំងចិត្តនៅក្នុងការរៀន។

មិនបង្អង់យូរ អ្នកគ្រូ វឌ្ឍនា បានធ្វើការសាកសួរសិស្សពីឬសគល់នៃបញ្ហានេះ ក្រោយមកបានលទ្ធផលថាភាគច្រើន មូលហេតុដែលសិស្សមួយចំនួនមិនអាចផ្តោតក្នុងការរៀនភាសាអង់គ្លេស ព្រោះគេមិនមានគ្រឹះពីមុនមកនោះទេដោយសារតែមិនមានលទ្ធភាពនៅក្នុងការបង់ថ្លៃរៀននៅសាលាអង់គ្លេស ព្រោះភាគច្រើនម៉ាក់ប៉ាប្រកបរបរអាជីវកម្មតិចតួចសម្រាប់ចិញ្ចឹមគ្រួសារដែលមានសមាជិកច្រើន។

ការបង្ហាញចំណាប់អារម្មណ៍របស់សិស្ស

អ្នកគ្រូ កៅ សុវឌ្ឍនា បានចែករំលែកបន្តទៀតថាក្នុងនាមជាគ្រូបង្រៀនម្នាក់ ខ្លួនពិតជាមិនអាចបើកភ្នែកឃើញសិស្សជួបនឹងបញ្ហាបែបនេះទៀតទេ ដូចនេះ អ្នកគ្រូបានសម្រេចចិត្តនៅក្នុងការចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងការបើកការបង្រៀននៅក្នុងវិទ្យាល័យប្ញស្សីកែវដើម្បីអាចជាទុនមួយសម្រាប់សិស្សនៅក្នុងការមានឱកាសសិក្សាមិនថាពួកគេមិនមានប្រាក់ក៏ដោយ។

បើតាម អ្នកគ្រូ វឌ្ឍនា បានឱ្យដឹងថា អ្នកគ្រូបានចាប់ផ្តើមបើកវគ្គសិក្សាបំប៉ននេះតាំងពីខែ កុម្ភៈ ឆ្នាំ២០២២ មកម្ល៉េះ រហូតមកដល់ពេលនេះ អ្នកគ្រូនៅតែបន្តក្នុងការធ្វើសកម្មភាពមួយនេះ ដើម្បីអាចលើកកម្ពស់សមត្ថភាពសិស្សរបស់ខ្លួនក្នុងការប្រើប្រាស់ភាសាអង់គ្លេស ដោយអ្នកគ្រូបើកថ្នាក់រៀនពីថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បត៍ វេលាម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ១រសៀល ដែលមានបង្រៀនចំណុចសំខាន់នៃភាសាអង់គ្លេសផ្សេងៗដូចជាការបង្រៀនពាក្យ ការសន្ទនា និងមេរៀនសំខាន់ៗផ្សេងទៀត។

អ្នកគ្រូ វឌ្ឍនា បានរៀបរាប់បន្តទៀតថា មួលហេតុដែលខ្លួនសុខចិត្តចំណាយពេលរបស់ខ្លួនក្នុងការបង្រៀនសិស្សដោយមិនគិតថ្លៃ ដោយសារតែចង់ឱ្យសិស្សដែលមានជីវភាពខ្វះខាតអាចមានឱកាសនៅក្នុងការសិក្សាជំនាញដ៏សំខាន់នៅក្នុងទសវត្សទី២១នេះ ព្រោះថាភាសាអង់គ្លេសជាភាសាដ៏សំខាន់មួយនៅក្នុងការនាំសិស្សឈានទៅរកឱកាសផ្សេងៗទៀតជាច្រើនមិនថាក្នុងវិស័យការងារ ឬ វិស័យអប់រំនោះឡើយ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង