Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្ដេច ហ៊ុន សែន ស្នើបារាំង និងអឺរ៉ុប បន្ដផ្ដល់ជំនួយសាងសង់រោងចក្រផលិតទឹកស្អាត ជំហានទី៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់សាធារណរដ្ឋបារាំង និងសហភាពអឺរ៉ុប បន្ដផ្ដល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣។ សំណើរបស់សម្ដេច ធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនានេះ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ ចំណាយថវិកា២៤៧លានដុល្លារ។

ចំពោះគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ផ្ដល់ថវិកាចំនួន៨៥លានដុល្លារ ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន១៥លានដុល្លារ។ ដោយឡែករាជរដ្ឋាភិបាលទទួលបន្ទុកពន្ធក្នុងការនាំចូលសម្ភារទាំងឡាយ។

ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន តាមរយៈឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ដែលកន្លងមកសម្ដេចតែងស្នើឲ្យបារាំងបន្ដការជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះមានទាំងវិស័យទឹកនេះផងដែរ។ ដូច្នេះសម្ដេចសង្ឃឹមថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បន្ដមានវត្តមានជួយក្នុងការអនុវត្តគម្រោងបន្ដបន្ទាប់ ពិសេសជំហានទី៣។

សូមជម្រាបថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង