ភ្នំពេញ៖ ក្រុម Best of the Best កាលពីថ្ងៃទី ១៨ មិថុនា ២០២៣ បានជ័យលាភីលេខ១ ក្នុងការប្រកួតជាមួយនឹងសិស្សមកពីសាលាពីរផ្សេងទៀតក្នុងកម្មវិធី The 2023 Cambodian Spelling Bee Championship ដែលធ្វើឡើងនៅទីតាំង Phnom Penh Factory ។
អ្នកគ្រូ ផាន់ ស៊ូម៉ី ដែលជាគ្រូបង្រៀននៅសាលាបឋមសិក្សាជ្រោយចង្វារបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅពេលដែលបានដឹងពីកម្មវិធីការប្រកួតជាភាសាអង់គ្លេសនេះភ្លាម អ្នកគ្រូ និងមិត្តរួមការងារបានធ្វើការជ្រើសរើសសិស្សដើម្បីបង្កើតក្រុមចុះឈ្មោះ និងហ្វឹកហាត់សិស្សយ៉ាងម៉ត់ចត់ដើម្បីឱ្យសិស្សអាចត្រៀមខ្លួនសម្រាប់ចូលរួមការប្រកួត។
បើតាមអ្នកគ្រូ ស៊ូម៉ី បានឱ្យដឹងថាអ្នកគ្រូ និងមិត្តរួមការងារបានដឹកនាំសិស្សចំនួន៣ក្រុមចូលរួមក្នុងការប្រកួតនៅក្នុងកម្មវិធី The 2023 Cambodian Spelling Bee Championship ដើម្បីអាចប្រកួតជាមួយនឹងសិស្សដែលមកពីសាលាឯកជនពីរផ្សេងទៀតចំនួន ៥ក្រុម។
ការប្រកួតនេះត្រូវបានបង្កើតឡើងសម្រាប់សិស្សដែលមានអាយុ ៩ ទៅ ១២ ឆ្នាំ ហើយការប្រកួតប្រកបពាក្យនេះ គឺចាប់ផ្តើមពីការប្រកបពាក្យស្រួល រហូតដល់ពាក្យពិបាក ហើយសិស្សក្រុមណាដែលប្រកបខុសច្រើនដងនឹងត្រូវបានជម្រុះចេញជាបន្តបន្ទាប់។ ការប្រកួតនេះត្រូវបានរៀបចំដោយក្រុមការងារ Phnom Penh Factory នៅទីតាំងនេះផ្ទាល់តែម្តង។
អ្នកគ្រូ ស៊ូម៉ីបានបន្តទៀតថា សមិទ្ធផលនេះគឺមិនមែនកើតឡើងដោយងាយនោះទេ ពោលគឺសិស្សដែលបានឈ្នះជ័យលាភីនេះពិតជាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពនៅក្នុងការទន្ទេញពាក្យមិនថាពេលនៅផ្ទះ ឬ នៅសាលាពេលចេញលេងនោះឡើយ ដោយសារតែការរំពឹងខ្ពស់ចង់បានជ័យលាភីក្នុងការប្រកួតមួយនេះ។ អ្នកគ្រូស៊ូម៉ីតែងតែលើកទឹកចិត្តនៅក្នុងការព្យាយាមមួយនេះ មិនថាឈ្នះឬចាញ់ វានឹងជាបទពិសោធន៍មួយដ៏ល្អសម្រាប់សិស្សនៅក្នុងការបន្តពង្រឹងសមត្ថភាពរបស់ខ្លួនដែលជាកម្លាំងជម្រុញទឹកចិត្តចំពោះសិស្សរហូតអាចបានជ័យលាភី។
ក្នុងការប្រកួតចំនួន៨ក្រុម ដែលមានបីក្រុមមកពីសាលាជ្រោយចង្វារ និង ៥ក្រុមមកពីសាលាឯកជន ក្រុមដែលទទួលបានជ័យលាភី គឺក្រុមដែលមានឈ្មោះថា Best of the Best ដែលមកពីសាលាបឋមសិក្សាជ្រោយចង្វារ ដែលមានសមាជិកបីរូបដែលមានឈ្មោះ ហេរ សុភ័ក្ររិទ្ធី ណៃ មុនីរាជ្យ និង ថា វណ្ណដាវីន ដែលស្ថិតនៅក្រោមការណែនាំនិងដឹកនាំដោយអ្នកគ្រូ ផាន់ ស៊ូម៉ី ដែលបច្ចុប្បន្នជាគ្រូបង្រៀនរបស់អង្គការបង្រៀនដើម្បីកម្ពុជា កំពុងតែមានបេសកកម្មក្នុងការបង្រៀននៅសាលាបឋមសិក្សាជ្រោយចង្វារ។
ជាចុងក្រោយ អ្នកគ្រូ ស៊ូម៉ី បានបង្ហាញអារម្មណ៍ថាខ្លួនពិតជាមានសេចក្តីសោមនស្សរីករាយដែលសិស្សអាចទទួលបានសមិទ្ធផលនេះ ពីព្រោះថាវានឹងជាកត្តាមួយសម្រាប់ជម្រុញទឹកចិត្តសិស្សរបស់ខ្លួនក្នុងការចាប់យកឱកាសផ្សេងៗទៀតនាពេលខាងមុខជាក់ជាមិនខាន៕