Cctimesw1140xh150cm copy

ខេត្តព្រៃវែងមានជ័យលាភីសិស្សពូកែទូទាំងប្រទេសច្រើនជាងគេក្នុងឆ្នាំ២០២៣

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ខេត្តព្រៃវែងមានចំនួនសិស្សពូកែទូទាំងប្រទេសចំនួន ១៣ រូប ដែលជាចំនួនច្រើនជាងគេប្រចាំខេត្តបើប្រៀបធៀបនឹងខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា ដោយយោងតាមការប្រកាសជ័យលាភីតាមគេហទំព័រហ្វេសប៊ុកក្រសួងអប់រំយុវជន និងកីឡា។

ប្រភពរូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ក្រសួងអប់រំ កាលពីថ្ងៃទី១៨មិថុនា បានប្រារព្ធកម្មវិធីចែកវិញ្ញាបនបត្រ និងរង្វាន់សម្រាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេសដែលប្រព្រឹត្តទៅនៅវិទ្យាល័យនេតយ៉ង់ លើទឹកដីខេត្តបាត់ដំបងដែលមានការចូលរួមពីសំណាក់សិស្សពូកែមកពីគ្រប់ខេត្តក្រុងដែលត្រូវបានជម្រុះតាមខេត្តនីមួយៗមកប្រកួតវគ្គចុងក្រោយនៅវគ្គទូទាំងប្រទេសនៅខេត្តបាត់ដំបង។

ប្រភពរូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

បើតាមសេចក្តីប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្រ្ត គណិតវិទ្យា និងរូបវិទ្យា បានឱ្យដឹងថា សិស្សពូកែដែលត្រូវបានទទួលស្គាល់នៅវគ្គទូទាំងប្រទេស មកពីបណ្តាខេត្តមួយចំនួនដូចជា ព្រៃវែង កំពង់ចាម រាជធានីភ្នំពេញ ត្បូងឃ្មុំ តាកែវ ខេត្តកណ្តាល សៀមរាប កំពត ក្រចេះ ពោធិ៍សាត់ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង ស្វាយរៀង។

សិស្សពូកែទូទាំងប្រទេសអក្សរសាស្រ្តខ្មែរថ្នាក់ទី១២ យុវតី ហ៊ី ហុងអុី

ក្នុងចំណោមខេត្តទាំង១៤ ដែលជាម្ចាស់ជ័យលាភីខាងលើ ខេត្តព្រៃវែងជាខេត្តដែលមានចំនួនសិស្សពូកែទូទាំងប្រទេសច្រើនជាងគេ គឺ១៣ នាក់ ក្នុងចំណោមជ័យលាភី៦០ នាក់។

ប្រភពរូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ក្នុងចំណោមជ័យលាភីទាំង១៣ រូប ខេត្តព្រៃវែងមានសិស្សទទួលបានមេដាយចំនួន ៦រូប ដែលរួមមាន មេដាយក្នុងអក្សរសាស្រ្តខ្មែរថ្នាក់ទី៩ ចំនួនបីរូប មេដាយអក្សរសាស្រ្តខ្មែរទី១២ ចំនួនពីររូប និងមេដាយគណិតវិទ្យាថ្នាក់ទី៩ ចំនួនមួយរូប។ មេដាយត្រូវបានប្រគល់ជូនសម្រាប់សិស្សពូកែទូទាំងប្រទេសដែលទទួលបានជ័យលាភីលេខ១ដល់លេខ៣។

យុវជន រស សិរីវិសាលស្ណុ, យុវតី ហ៊ី ហុងអុី , និង យុវជន រស សេវីឧស្សាហ៍

គួរបញ្ជាក់ផងដែរថា ការប្រលងសិស្សពូកែត្រូវបានប្រព្រឹត្តទៅចំនួន៣ថ្ងៃដែលសិស្សត្រូវប្រលងមុខវិជ្ជាឯកទេសចំនួន២ដង និងវប្បធម៌ទូទៅចំនួនម្តងដែលធ្វើឡើងនៅថ្ងៃទី ១២ ១៣ និង ១៤ មិថុនា ឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង