Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

ពន្ធដារ៖ អាណាព្យាបាលសិស្សមិនតម្រូវឲ្យបង់ពន្ធលើថ្លៃសិក្សាឡើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីស្រាយបំភ្លឺទាក់ទងនឹង ពន្ធលើប្រាក់ចំណូល តាមអត្រា ២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សានោះទេ។

យោងតាមសេចក្តីបំភ្លឺ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ថា សាលាខ្មែរ-ចិនអរសប្បាយសិក្សា (JOY SCHOOL) តម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ដោយក្នុង លិខិតជូនដំណឹងរបស់សាលា បានបញ្ជាក់ថា ៖ តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សទាំងអស់ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សអស់រយៈពេល ៣ ឆ្នាំ។

សាលាខ្មែរ-ចិនអរសប្បាយសិក្សា បានបញ្ជាក់ថា «ចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សា ជូនរដ្ឋតែ ១០%ប៉ុណ្ណោះ រីឯនៅសល់ថ្លៃលើការសិក្សា ១០% ទៀត សូមមាតាបិតាឬអាណាព្យាបាលសិស្សត្រូវទទួលខុសត្រូវ ជួយបង់ពន្ធលើថ្លៃការសិក្សានេះ។ ដោយគិតគូរពីស្ថានភាពសេដ្ឋកិច្ច របស់សង្គមបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត ថ្លៃ សិក្សានឹងមិនត្រូវបានដំឡើងនៅឆ្នាំនេះទេ។»

អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីបំភ្លឺ ឱ្យដឹងថា គឺមិនមានប្រភេទពន្ធលើថ្លៃការសិក្សានោះទេ ពន្ធលើប្រាក់ចំណូលតាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សានុសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូន រាជរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សា នោះទេ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយស្ថាប័នអប់រំ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងករណីរកឃើញថាស្ថាប័នអប់រំណាមួយប្រព្រឹត្តល្មើស នឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់និងលិខិត បទប្បដ្ឋានគតិយុត្តជាធរមាន។

សូមជម្រាបថា រដ្ឋាភិបាល បានប្រកាសបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨ ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើ ការជួលទីតាំង ពន្ធអចលនទ្រព្យ និងប៉ាតង់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង