ភ្នំពេញ៖ មូលនិធិហាប់ស្វែល ផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំសម្រាប់សិស្សស្រីដើម្បីទទួលបានការស្នាក់នៅ និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ចាប់បើកទទួលពាក្យរហូតដល់ថ្ងៃទី ខែ មិថុនា ឆ្នាំ ២០២៣។
មូលនិធិហាប់ស្វែលបានធ្វើការប្រកាសជូនដំណឹងដល់សិស្សនារីកំពុងសិក្សាថ្នាក់ទី១២នៅវិទ្យាល័យតាមខេត្តនានា ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមនៅសាកលវិទ្យាល័យណាមួយក្នុង រាជធានីភ្នំពេញ ហើយដែលយល់ថាខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលមានចែងនៅ ក្នុងប័ណ្ណព័ត៌មាន ស្តីពីការជ្រើសរើសសិស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ អាចដាក់ពាក្យ ស្នើសុំអាហារូបករណ៍សម្រាប់ការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននិងមជ្ឈមណ្ឌលបណ្តុះ បណ្តាលភាព ជាអ្នកដឹកនាំសម្រាប់និស្សិតនារីសាកលវិទ្យាល័យនៃមូលនិធិហាប់ស្វែល រហូតដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣។
បើតាមការប្រកាសតាមគេហទំព័រហ្វេសប៊ុករបស់មូលនីធីហាប់ស្វែល គឺតម្រូវឱ្យបេក្ខនារីដែលមានបំណងដាក់ពាក្យត្រូវបំពេញទម្រង់សើ្នសុំអាហារូបករណ៍តាមប្រព័ន្ធ Internet ដោយស្កេន QR កូដនៅក្នុងប័ណ្ណព័ត៌មាន។ ពាក្យស្នើសុំដែលសមស្រមទៅតាមលក្ខខណ្ឌនៃការជ្រើសរើស នឹងត្រូវបានដាក់ចូលក្នុងបញ្ជីសម្រាំង ហើយក្រុមការងាររបស់មូលនិធិហាប់ស្វែលនឹងធ្វើការទាក់ទៅកាន់បេក្ខនារីដោយផ្ទាល់ដើម្បីកំណត់កាល បរិចេ្ឆទប្រឡងនិងសម្ភាសផ្ទាល់មាត់តាមរយៈបណ្តាញសង្គម។
បើតាមប័ណ្ណព័ត៌មាន លក្ខខណ្ឌក្នុងការដាក់ពាក្យ គឺសិស្សទី១២នោះជាសិស្សពូកែដែលទទួលបានពិន្ទុល្អក្នុងថ្នាក់និងនិទ្ទេសល្អក្នុងការប្រលងបាក់ឌុប។ លើសពីនេះ បេក្ខនារីត្រូវជាសិស្សដែលសកម្មក្នុងការចូលរួមកិច្ចការសង្គម មានសមត្ថភាពប្រសើរផ្នែកភាសាអង់គ្លេស និងមានទស្សនវិស័យសម្រាប់អនាគតខ្លួន និងប្រទេសជាតិ។
គួរបញ្ជាក់ផងដែរថា មូលនីធីហាប់ស្វែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ផ្តល់នៅការអប់រំ កន្លែងស្នាក់នៅ និងវគ្គបណ្តុះបណ្តាលដល់សិស្សនារីដែលបន្តសិក្សាថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្នំពេញ៕