
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១២ មិថុនានេះ បានប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ត្រូវយកចិត្តទុកដាក់ការពារខ្លួន ឱ្យបានហ្មត់ចត់ និងទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ ទី៥ និងទី៦) ឱ្យបានត្រឹមត្រូវបើដល់វេនចាក់។ការក្រឹើនរំលឹកនេះ បន្ទាប់ពីក្រសួងពិនិត្យឃើញថា «ភាពស៊ាំសហគមន៍»អាចប្រសិទ្ធភាពថយចុះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ភាពស៊ាំបុគ្គល និង ភាពស៊ាំសហគមន៍ អាចនឹងមានការថមថយចុះជាបណ្តើរៗ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនីមួយៗរួច ក្នុងគម្លាតពី ៦ខែឡើង។ដូច្នេះគ្រប់ជំនាញទាំងអស់ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់ទៀត ជូនដល់ក្រុមគ្រូពេទ្យ ក្រុមអ្នកប្រតិបត្តិការជួរមុខ ក្រុមងាយរងគ្រោះ ដូចជាជនវ័យចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺរ៉ាំរ៉។
ក្រសួងសុខាភិបាល ក៏បានស្នើឲ្យមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បន្តការងារអប់រំសុខភាព និងជំរុញការចូលរួមរបស់បុគ្គល ក្រុមគ្រួសារ និងសហគមន៍នៅក្នុងការការពារពីការចម្លងមេរោគ ក្នុងនោះមានវីរុសកូវីដ-១៩ ពួកបំប្លែងថ្មីៗ ដើម្បីការពារសុខភាពបុគ្គល និង ក្រុមគ្រួសារ បានចៀសផុតពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងជំងឺ ឆ្លងថ្មីៗ។
អង្គការសុខភាពពិភពលោក (WHO) ប្រកាសនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថា «កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើង ហើយអង្គការនេះ ក៏បានផ្ដល់នូវអនុសាសន៍ជាបណ្តោះអាសន្ន ដល់បណ្តាប្រទេសជាសមាជិកត្រៀមផែនការយុទ្ធសាស្ត្រឆ្លើយតបវិបត្តិកូវីដ-១៩ ក្នុងដំណាក់កាលអន្តរកាលនេះផងដែរ៕