ភ្នំពេញ៖ យុវជន នូរ ពិសិដ្ឋ ប្តូរសាលាពីខេត្តបន្ទាយមានជ័យឆ្ងាយពីគ្រួសារមករៀននៅភ្នំពេញជាមួយបងស្រី ដើម្បីដើរតាមក្តីស្រមៃ រហូតបានសម្រេចបំណងបានជាប់អាហារូបករណ៍ UWC ទៅសិក្សាថ្នាក់វិទ្យាល័យចំនួន២ឆ្នាំនៅក្រៅប្រទេស បន្ទាប់ពីចំណាយពេលព្យាយាមដាក់អាហារូបករណ៍នេះអស់រយៈពេល ៥ឆ្នាំ។
យុវជន នូរ ពិសិដ្ឋ មានស្រុកកំណើតនៅស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មកពីគ្រួសារដែលមានជីវភាពមធ្យម និងជាក្មេងម្នាក់ដែលតែងតែចង់ចេះចង់ដឹងពីបទពិសោធន៍ថ្មីជាពិសេសគឺជំនាញ ឬ កម្មវិធីទាំងឡាយណាដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងរូបវិទ្យា។
យុវជន ពិសិដ្ឋ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កាលពីឆ្នាំ២០១៩ ពេលកំពុងរៀនថ្នាក់ទី៨ លោកបានចូលរួមកម្មវិធីប្រកួតប្រជែងមួយនៅភ្នំពេញដែលមានឈ្មោះថា The Seedstars Lean Launchpadធ្វើឱ្យក្មេងប្រុសរូបនេះធ្វើដំណើរមកភ្នំពេញ និងបានស្គាល់មិត្តថ្មីៗជាច្រើនមកពីបណ្តាសាលានានាជាពិសេសគឺទីក្រុងភ្នំពេញ។ តាមរយៈការចូលរួមកម្មវិធីនេះធ្វើឱ្យយុវជនរូបនេះមានភាពចង់ដឹងចង់មានបទពិសោធន៍រៀននៅក្នុងរាជធានីភ្នំពេញដើម្បីអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែពូកែជាងមុនដូចមិត្តដែលចូលរួមកម្មវិធីជាមួយគ្នា ហើយក៏បានសូមការអនុញ្ញាតពីម្តាយឪពុករបស់ខ្លួន។
ពិសិដ្ឋ បានបន្តទៀតថា ដំបូងឡើយ មិនសូវទទួលបានការគាំទ្រពីអាណាព្យាបាល ក្នុងការមករៀននៅក្នុងទីក្រុងភ្នំពេញទេដោយសារតែគ្រួសារត្រូវរងបន្ទុកការចំណាយកាន់តែច្រើនជាងមុន បន្ថែមពីលើការចំណាយចំពោះបងស្រីរបស់ពិសិដ្ឋដែលកំពុងសិក្សានៅសាកលវិទ្យាល័យស្រាប់ តែក្រោយមក គាត់ក៏បានអនុញ្ញាតដោយសារតែពិសិដ្ឋនៅតែពុះពារក្នុងការសូមមករៀននៅភ្នំពេញ។
កំឡុងពេលដែលសិក្សានៅថ្នាក់ទី៨នោះផងដែរ លោកគ្រូរបស់ពិសិដ្ឋបានណែនាំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសដែលមានឈ្មោះថា UWC Scholarship ដែលធ្វើឱ្យពិសិដ្ឋមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យជាលើកដំបូង តែមិនទាន់ទទួលបានលទ្ធផលជាប់នៅឡើយ។
នៅពេលដែលមករៀននៅភ្នំពេញ យុវជនរូបនេះបានព្យាយាមស្រាវជ្រាវពីសាលាដែលខ្លួនគួររៀនហើយក៏បានដាក់ពាក្យប្រលងចូលរៀននៅសាលា E2STEM ជាប់នៅឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ ការរស់នៅទីក្រុងជាមួយនឹងបងស្រីរបស់យុវជនរូបនេះបានបង្រៀនឱ្យ ពិសិដ្ឋ នៅតែមានការពុះពារស្វែងរកឱកាសផ្សេងៗដើម្បីអភិវឌ្ឍសមត្ថភាពដើម្បីអាចទៅដល់ក្តីស្រមៃក្នុងការក្លាយជារូបវិទូម្នាក់នាពេលអនាគត ដោយសារតែវាជាជំនាញដែលលោកស្រលាញ់តាំងពីវ័យកុមារភាព។
តាំងពីថ្នាក់ទី៨ រហូតមកដល់ពេលនេះពិសិដ្ឋចំណាយពេលតស៊ូព្យាយាមដាក់អាហារូបករណ៍នេះរហូតដល់ ៥ ដងទម្រាំអាចជាប់ជាស្ថាពរនៅពេលលោកកំពុងរៀនថ្នាក់ទី១២ ។ ឆន្ទៈដ៏មោះមុតនៅតែបន្តធ្វើឱ្យពិសិដ្ឋដើរតាមក្តីស្រមៃដោយសម្រេចចិត្តទៅរៀនវិទ្យាល័យនៅក្រៅប្រទេស ដើម្បីអាចឱ្យលោកទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងជំនាញជារូបវិទូដែលជាក្តីស្រមៃរបស់យុវជនរូបនេះ។
កាលពីថ្មីៗនេះពិសិដ្ឋក៏បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកម្មវិធីសន្នីសិទជាមួយនឹងយុវជនផ្សេងទៀតមកពីប្រទេសនៅអាស៊ាន និងអ៊ីីតាលី ដែលមានឈ្មោះថា ASEAN-ITALY YOUTH CONFERENCE ផងដែរ។
ជាចុងក្រោយ យុវជនពិសិដ្ឋ នៅតែអះអាងថា ទោះបីជាលោកទៅរៀននៅក្រៅប្រទេសយ៉ាងណាក្តី លោកនឹងបន្តការសិក្សាឱ្យកាន់តែប្រសើរមិនថាក្នុងវិទ្យាល័យ ឬ សាកលវិទ្យាល័យ ហើយនឹងត្រលប់មកប្រទេសកម្ពុជាវិញដើម្បីលើកតម្កើងមុខវិជ្ជារូបវិទ្យានេះឱ្យកាន់តែមានភាពទូលំទូលាយសម្រាប់យុវជនកម្ពុជា៕