Cctime 6monthsfree desktop
Cc times  web banner kh (2)

និស្សិត៨០នាក់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តបញ្ចប់ដំណើរទស្សនកិច្ចសិក្សាទៅកំពង់ចាមនិងសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ និសិ្សតចំនួន ៨០នាក់ មកពីដេប៉ាតឺម៉ង់សេដ្ឋកិច្ច និង គ្រប់គ្រងជាភាសាបារាំង និង អង់គ្លេស (Filière d’Économie et de Gestion) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និង សាកលវិទ្យាល័យលីយ៉ុង II បានបញ្ចប់នូវដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំ ” Eco Study Trip 2023” ដ៏ធំមួយ ដែលមានរយៈពេល ៣យប់៤ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ដែលប្រព្រឹត្តទៅនៅ ខេត្តកំពង់ចាម និង សៀមរាប ក្រោមប្រធានបទ «សាមគ្គីភាពរបស់ យុវជន ឆ្ពោះទៅរកវឌ្ឍនភាពសង្គម» ដោយភាពជោគជ័យ ។

ថ្ងៃទីមួយនៃដំណើរទស្សនកិច្ចសិក្សា ក្រុមនិស្សិត បានធ្វើដំណើរទៅកាន់វិទ្យាល័យព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្រុងកំពង់ចាម ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ការតម្រង់ទិស ព្រមទាំងចែកជាសម្ភារៈសិក្សា និងកីឡា មួយចំនួន។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណង ជួយដល់ប្អូនសិស្សានុសិស្ស ថ្នាក់ទី១១ និងទី១២ ក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យល់ពីតម្លៃនៃការសិក្សាថ្នាក់ឧត្តមសិក្សា ចែករំលែកគន្លឹះមួយចំនួនក្នុងការស្វែងរកព័ត៌មាន អំពីសាកលវិទ្យាល័យ ក៏ដូចជាមុខជំនាញដែលពួកគេចង់បន្តការសិក្សា ព្រមទាំងយល់ដឹងពីសារប្រយោជន៍នៃការសិក្សាភាសាបារាំង។

ទន្ទឹមនឹងនេះ ក្រុមនិស្សិតក៏បានឧបត្ថម្ភសម្ភារៈសិក្សាជាសៀវភៅសសេរ សៀវភៅអំណាន និងសៀវភៅចំណេះដឹងទូទៅមួយចំនួន ព្រមទាំងក្តារវាយប៉េងប៉ុងមួយឈុត ជូនចំពោះវិទ្យាល័យព្រះសីហនុ។ នៅពេលល្ងាចថ្ងៃដដែលនោះ ក្រុមនិស្សិតទាំងអស់ បានបន្តដំណើរទៅកាន់ផ្ទះស្នាក់ស្ទឹងតូច ដើម្បីរៀបចំកម្មវិធីបោះតង់ជាក្រុម។ ការបោះតង់នេះត្រូវបានធ្វេីឡេីង ដើម្បីបង្ហាញពីការរឹតចំណងសាមគ្គីភាពរបស់ក្រុមនិស្សិត។

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមនិស្សិតបានចូលរួមក្នុងកម្មវិធីដាំកូនឈើ ក្នុងបរិវេណនៃរមណីយដ្ឋានអង្គរ ក្បែរប្រាសាទព្រហ្មកិល។ ការដាំកូនឈើនៅទីនោះជាសារបង្ហាញ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យស្វែងយល់ពី សារៈសំខាន់នៃដើមឈើដែលផ្ដល់នូវជម្រក និងម្លប់ដល់មនុស្សសត្វទាំងពួង និងលើកស្ទួយទេសចរណ៍ពណ៌បៃតង។ ការដាំដើមឈើនេះ ក៏បានជួយជំរុញលើកទឹកចិត្ត ដល់សិស្សនិស្សិត និងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យចេះស្រឡាញ់បរិស្ថាន ចេះការពារ ចូលរួមអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌដើម្បីជួយស្ដារឡើងវិញនូវបរិមាណព្រៃឈើ និងដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុដែលកើតមានឡើង។

នៅរសៀលថ្ងៃដដែលក្រុមនិស្សិត បាននាំយកអំណោយដែលបានមកពីសប្បុរសជននានា ទៅចែកជូនកុមារកំព្រា និងជនពិការមានដូចជា សម្លៀកបំពាក់ សម្ភារៈសិក្សា ក្តារវាយប៉េងប៉ុងមួយឈុត និងថវិកាមួយចំនួនទៀតនៅសាលាកុមារ គ ថ្លង់ និងពិការភ្នែក នៃអង្គការគ្រួសារថ្មី ។ ក្នុងគ្រានោះក្រុមនិស្សិតទាំងអស់ ក៏បានចូលរួមទស្សនាការសម្ដែងសិល្បៈ និងការលេងឧបករណ៍ភ្លេងបុរាណខ្មែរ ដែលសម្ដែងដោយកុមារ គ ថ្លង់ និងពិការភ្នែកដែលនៅទីនោះផងដែរ។

សកម្មភាពនេះធ្វើឡើង ក្នុងគោលបំណងលើកទឹកចិត្តដល់ប្អូនៗដែលមានលក្ខណៈគ ថ្លង់ និងពិការភ្នែក ឲ្យបន្តការខិតខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិ ព្រមទាំងលើកទឹកចិត្ត ដល់ប្រជាជនទាំងអស់ឱ្យចេះស្រឡាញ់ និងគាំទ្រ ក៏ដូចជាអភិរក្ស សិល្បៈបុរាណខ្មែរផងដែរ។

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមនិស្សិតបានចូលរួមកម្មវិធីជិះកង់រួមគ្នាជាក្រុម ជុំវិញតំបន់ប្រាសាទអង្គវត្ត។ ការជិះកង់រួមគ្នានៅជុំវិញតំបន់ប្រាសាទអង្គរវត្តនេះ ធ្វេីឡេីងដើម្បីបង្ហាញពីសាមគ្គីភាព និង ការចូលរួមគិតគូរពីបរិស្ថាន តាមរយៈ ការកាត់បន្ថយ ការប្រើប្រាស់ឧស្ម័នកាបូនិច (CO2) ដែលភាយចេញពីយានយន្ត។

ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ច Eco Study Trip 2023 ក្រុមនិសិ្សតទាំងអស់ បានរៀបចំកម្មវិធីជប់លៀង Gala Night ដែលមានការសម្តែង របាំជូនពរ ការច្រៀងចម្រៀងប្រពៃណីជាតិ និងអន្តរជាតិ និងការដើរបង្ហាញម៉ូតជាដើម។ តាមរយៈការសម្ដែងសិល្បៈប្រពៃណី និងសម័យពីសំណាក់ក្រុមនិស្សិត ក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមនិស្សិតក្នុងការ បញ្ចេញសមត្ថភាពសិល្បៈ និងបណ្ដុះផ្នត់គំនិតក្នុងការស្រឡាញ់ វប្បធម៌ សិល្បៈជាតិ និងអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង