ភ្នំពេញ៖ National Debate Society Cambodia (NDSC) នឹងរៀបចំប្រកួតដេញដោលមតិជើងឯកថ្នាក់ជាតិលើកទី៩ (the 9th National Debate Championship) វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃ អាទិត្យ ទី១១ មិថុនា ថ្ងៃនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ ក្នុងនោះមានសិស្ស និស្សិតកម្ពុជា 236 នាក់មកពី 36 សាលានិងសាកលវិទ្យាល័យផ្សេងគ្នាចុះឈ្មោះចូលរួមប្រកួត ហើយមានតែសិស្ស-និស្សិតតែ 21 រូបប៉ុណ្ណោះបានឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។
បើតាមក្រុមការងារព័ត៌មាននៃ NDSC ការប្រកួតដេញដោលមតិជើងឯកថ្នាក់ជាតិលើកទី៩ (the 9th National Debate Championship) គឺជាការតម្រង់និងបណ្តុះផ្នត់គំនិតនៃការគិតវិភាគបែបស៊ីជម្រៅនិងការជជែកដេញដោលជាភាសាអង់គ្លេសដែលជាជំទាញទន់មួយយ៉ាងសំខាន់សម្រាប់សិស្ស-និស្សិតនាសតវត្សទី២១នេះ។ លើសពីនេះទៅទៀតអ្នកឈ្នះនៃការប្រកួតនេះនឹងមានឱកាសទទួលបានដំណើរកំសាន្តទៅចក្រភពអង់គ្លេសនិងការចេញទៅប្រកួតតំណាងកម្ពុជាលើឆាកអន្តរជាតិដែលរាល់ការចំណាយគឺជាការរាប់រ៉ងរបស់កម្មវិធីនិងមជ្ឈមណ្ឌល Springboard Education។ ចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក៏នឹងមានការអញ្ជើញចូលរួមពីលោក Marc Thayre អនុប្រធានបេសសកម្មនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាផងដែរ។
សិស្ស-និស្សិតដែលបានជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនេះមានមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យផារ៉ាហ្គន វិទ្យាស្ថានខេមអេដ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានភាសាបរទេស សាលាអន្តរជាតិអាស ស៊ី អេស សាលាអន្តរជាតិស៊ី អាយ អេ ហ្វឺស សាលា Neeson Cripps Academy សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលាអន្តរជាតិវេស្ទឺន សាលារៀនសុវណ្ណភូមិ និងសាលារៀនអន្តរទ្វីបអាមេរិកាំង។
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដេញដោលមតិជើងឯកថ្នាក់ជាតិលើកទី៩ (the 9th National Debate Championship) នេះនឹងរៀបចំឡើងនៅសាលពហុបំណងនៃមជ្ឈមណ្ឌលសហប្រតិតបត្តិការកម្ពុជា-កូរ៉េ (CKCC) នៅថ្ងៃអាទិត្យ ទី11 ខែមិថុនា ឆ្នាំ2023 ពីម៉ោង 1:00 ដល់ 5:30 រសៀល។ ការប្រកួតនេះក៏បើកឲ្យសាធារណៈជនចូលរួមទស្សនានិងលើកទឹកចិត្តបេក្ខជនផងដែរ ដែលសាធារណៈជនអាចចុះឈ្មោះតាមរយៈតំណនេះ https://forms.gle/RgM6H8XqGG9UNrWX6 ឬនៅសាលនៃការប្រកួតផ្ទាល់៕