
ភ្នំពេញ៖ សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គ្រោងចំណាយថវិកាប្រមាណ៦៥លានដុល្លារ ដែលចំនួននេះ ប្រហាក់ប្រហែលនឹងការចំណាយសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០២២ដែរ។ នេះបើតាមការឲ្យដឹងពីលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
លោក ទេព នីថា បានឱ្យដឹងថា ក្នុងការរៀបចំការបោះឆ្នោតខាងមុខនេះ គឺ គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដែលក្នុងនោះមានទាំងមូលដ្ឋានច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត គម្រោងថវិកា ការរើសមន្រ្តីបន្ថែមបម្រើឱ្យការបោះឆ្នោតនៅតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ជាដើម។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តី គ.ជ.ប និងភាគីពាក់ព័ន្ធស្តីពី«ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៧ ខែមិថុនានេះ ឯកឧត្តម មានប្រសាសន៍ថា ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប មានការងារជាច្រើនដែលត្រូវធ្វើជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីគណបក្សនយោបាយ អង្គការសមាគម អ្នកសារព័ត៌មាន ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត.
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ នឹងត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕
