681 ezgif.com resize
Moneygramott moi1280x163px

សម្ដេច ហ៊ុន សែន៖ ថៃបានឆ្លើយតបថា គ្មាននយោបាយបណ្តេញពលករខ្មែរចេញពីថៃនោះទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ឆ្នាំង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ គឺមិនមាននយោបាយបណ្តេញពលករខ្មែរចេញពីប្រទេសនោះទេ ហើយនឹងបន្តយកចិត្តទុកដាក់ថែមទៀតផង។ ការបញ្ជាក់របស់សម្តេច ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនានេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញជាអធិបតីភាពចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង។

សម្តេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយខ្ញុំក៏សុំអបអរសាទរជាមួយនឹងព័ត៌មាន ដែលទទួលបានពីព្រះរាជាណាចក្រថៃ ដែលមុននេះខ្ញុំបានបង្ហាញពីកង្វល់ ស្ដីអំពីបក្សឆ្ពោះទៅមុខនេះ ដែលមានបំណង ដែលលឺចេញជាពាក្យមកថា នឹងបណ្ដេញកម្មករកឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ ប៉ុន្តែម្សិលម្ង៉ៃនេះ ម្សិលមិញនេះ ម្សិលម៉្ងៃ គឺមានការនិយាយ តែម្សិលមិញមានការបញ្ជាក់យ៉ាងជាក់លាក់ថា គឺអត់មានទេគេនឹងសម្រួលឱ្យឱ្យថែមទៀតផង បើដូច្នេះគឺយើងលែងកង្វល់ជាមួយនឹងការចាកចេញរបស់កម្មករ កម្មការនីរបស់យើង ដែលកំពុងធ្វើការក្នុងប្រទេសថៃៗ»។

សម្ដេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការបញ្ជាក់របស់ភាគីថៃថា ពុំមានបំណងបណ្ដេញពលករកម្ពុជា ចេញពីប្រទេសរបស់ខ្លួននោះ។ ហើយសម្តេចក៏បានពេញចិត្តចំពោះព័ត៌មាន ដែលបានបកស្រាយថា នឹងមិនមានបញ្ហាបណ្តេញពលករ ពលការិនីកម្ពុជា ចេញពីប្រទេសថៃ កើតឡើងនោះទេ។

សូមជម្រាបថា ការចេញមកបញ្ជាក់បែនេះ របស់សម្តេចបានធ្វើឡើងបន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួលបានសំលេងច្រើនក្នុងដំណើរការបោះឆ្នោតថ្មីៗនេះ បានបដិសេធទាំងស្រុង ចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ខ្លួនមានគោលនយោបាយបណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ហើយបក្សក៏មិនដែលពិភាក្សាអំពីការធ្វើបែបនេះដែរ៕

Khcct banner

អត្ថបទទាក់ទង