សៀមរាប៖ ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការអាដហុក អាយ ស៊ី ស៊ី-អង្គរ (ICC-Angkor) នៅថ្ងៃទី៧ ខែមិថុនា ជាដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារដែលអនុលោមតាមអនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។
ក្រុមអ្នកជំនាញការអន្ដរជាតិដែលមានគ្នាសរុប៦នាក់ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅប្រាសាទគោកពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូរ។ នៅថ្ងៃដដែល ក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍បានចុះទៅមើលការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។
សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការនេះគ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ៕