Cc time web banner 054637

E2STEM ធ្វើឱ្យ យុវតី សូផានីតា ស្រលាញ់ជំនាញបច្ចេកវិទ្យាកាន់តែខ្លាំង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវតី ហេង សូផានីតា ជាសិស្សថ្នាក់ទី១២ នៅសាលា E2STEM មានក្តីស្រមៃចង់រៀនជំនាញវិស្វកម្មអគ្គិសនីក្រោយបានយល់ដឹងច្រើនពីបច្ចេកវិទ្យាតាមរយៈការរៀន និងចូលរួមកម្មវិធីប្រកួតផ្សេងៗជាច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យា។

យុវតី សូផានីតា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មុននឹងរៀននៅក្នុង E2STEM កញ្ញា មិនដែលមានចំណាប់អារម្មណ៍ទៅលើជំនាញបែបបច្ចេកវិទ្យាឌីជីថលឡើយ ព្រោះធ្លាប់មានក្តីស្រមៃចង់ធ្វើជាគ្រូពេទ្យកាលពីមុនដោយសារតែឪពុកម្តាយរបស់ខ្លួនជាគ្រូពេទ្យស្រាប់ទៅហើយ។

រយៈពេលប៉ុន្មានឆ្នាំដែល សូនីតា បានចូលរៀននៅ E2STEMតាំងពីឆ្នាំ២០២០ យុវតីរូបនេះមានការប្រែប្រួលជាច្រើនមិនថា ការសិក្សារៀនសូត្ររឺរបៀបរបបក្នុងការគិតនោះឡើយដោយសារតែការអប់រំនៅក្នុង E2STEM តម្រូវឱ្យសិស្សមានការងារធ្វើជាក្រុមច្រើន និងប្រើភាពច្នៃប្រឌិតច្រើន អ្វីដែលពិសេសជាងនេះគឺតម្រូវឱ្យសិស្សពង្រឹងជំនាញទន់បានច្រើនផងដែរ។

សូផានីតា បានរៀបរាប់បន្តទៀតថា កំឡុងពេលសិក្សាជាសិស្សវិទ្យាល័យនៅ E2STEM យុវតីរូបនេះបានចូលរួមកម្មវិធីប្រកួតជាច្រើនដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាដូចជាកម្មវិធី Breakthrough Junior Challenge, E-Lab Young Scientist Award , និង E-tool Arduino Challenge 2021 ជាដើមដែលកាន់តែធ្វើឱ្យក្តីស្រលាញ់ទៅលើវិស័យមួយនេះកាន់តែឡើងទ្វេដង។

បើតាម កញ្ញា សូផានីតា បានឱ្យដឹងថា កញ្ញាទើបតែបានចូលរួមកម្មវិធីសន្និសីទនៅប្រទេសឥណ្ឌូនេស៊ីដែលមានការពិភាក្សាពីបញ្ហានិងដំណោះស្រាយពាល់ព័ន្ធនឹងឌីជីថលូបនីយកម្ម និងយុវជនផងដែរ ដែលជាវេទិកាមួយដែលកញ្ញាអាចបង្ហាញពីគំនិតយោបល់ពាក់ព័ន្ធនឹងយុវជនក្នុងសម័យឌីជីថលផងដែរ។

ថ្វីត្បិតតែការជ្រើសរើសជំនាញរបស់យុវតី សូផានីតា មានភាពខុសគ្នាពីជំនាញឪពុកម្តាយដែលជាគ្រូពេទ្យក៏ពិតមែន ក៏គ្រួសាររបស់យុវតី១៧ឆ្នាំរូបនេះនៅតែគាំទ្រនូវការស្រលាញ់របស់នាងមកលើជំនាញវិស្វកម្មអគ្គិសនីនេះផងដែរ និងមានសេចក្តីសោមនស្សដែលយុវតីរូបនេះមានភាពមោះមុតក្នុងការរត់តាមក្តីស្រមៃរបស់ខ្លួនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង