Yearendyearend1140x150
Img 0571

កសិដ្ឋានចិញ្ចឹមត្រីក្រាញ់លក្ខណៈគ្រួសារក្នុងស្រុកក្រឡាញ់ចាប់ផ្តើមប្រមូលផល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ លោក ឆន ឈី ជាកសិករម្នាក់ រស់នៅក្នុងភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោកបានបប្រកបរបរចិញ្ចឹមត្រីក្រាញ់ ដែលកាលដាក់ចិញ្ចឹមដំបូងគឺមានចំនួន ១៥០០គីឡូក្រាម។ បច្ចុប្បន្ននេះ គ្រួសារលោកចាប់ផ្តើមប្រមូលផលត្រីបណ្តើរៗ ហើយ ដែលត្រីចំនួន៥-៦ក្បាល ស្មើនឹង១ គីឡូក្រាម ឯតម្លៃក្នុង១ គីឡូក្រាម មានតម្លៃ១ម៉ឺនរៀល។

ភូមិដំណាក់ខ្ចាស់ ជាភូមិមួយក្នុងចំណោមភូមិទាំង៨ស្ថិតក្នុងឃុំសំបួរ ស្រុកក្រឡាញ់ ដែលមានចំនួនគ្រួសារច្រើនជាងគេ ហើយក្នុងភូមិនេះ មានគ្រួសារមួយបានចិញ្ចឹមត្រីក្រាញ់បែបលក្ខណៈគ្រួសារលើទំហំផ្ទៃដី៦០ម៉ែត្រ x ១០០ ម៉ែត្រ ដែលទីតាំងចិញ្ចឹមនេះ គឺស្ថិតនៅវាលស្រែចុងរលំ។

លើទំហំផ្ទៃដី៦០ម៉ែត្រ x ១០០ ម៉ែត្រ លោក ឆន ឈី ជាកសិករភូមិដំណាក់ខ្ចាស់ បានជីកក្រវ៉ាត់ព័ន្ធជុំវិញកម្ពស់៧ម៉ែត្រ ទំហំ៤ម៉ែត្រ ដើម្បីការពារទឹកជំនន់នារដូវវស្សា ហើយផ្ទៃខាងក្នុងក្រវ៉ាត់ មានស្រះតូចៗ ដើម្បីដាក់ពូជត្រីតាមអាយុកាល ព្រមទាំងមានស្រះបង្កាត់ពូជផងដែរ។

កសិករ ឆន ឈី បានឲ្យដឹងថា ពូជត្រីក្រាញ់ដែលចិញ្ចឹមក្នុងស្រះនេះ កាលដាក់ចិញ្ចឹមដំបូងគឺមានចំនួន ១៥០០គីឡូក្រាម បើគិតជាចំនួនគឺ១៤០,០០០ក្បាល (ដប់បួនម៉ឺនក្បាល) ចំណែកចំណីដែលដាក់ជាប្រចាំថ្ងៃ គឺចកសូឡា និងចំណីផលិតដោយខ្លួនឯង ហើយរយៈពេលដាក់ចិញ្ចឹមគឺមានចំនួន៥ខែហើយ បើគិតមកដល់ពេលនេះ ។ បច្ចុប្បន្ននេះ គ្រួសារលោកចាប់ផ្តើមប្រមូលផលត្រីបណ្តើរៗ ហើយ ដែលត្រីចំនួន៥-៦ក្បាល ស្មើនឹង១ គីឡូក្រាម ឯតម្លៃក្នុង១ គីឡូក្រាម មានតម្លៃ១ម៉ឺនរៀល។

កសិកររូបនេះ បានបញ្ជាក់ថា ការចិញ្ចឹមត្រីក្រាញ់ គឺមិនខ្វះទីផ្សារលក់ចេញនោះទេ ព្រោះកន្លងមក មានម្ចាស់ភោជនីយដ្ឋានធំៗ មួយចំនួនទាក់ទងទិញ តែលោកមិនសូវចាប់អារម្មណ៍រឿងលក់ចេញទេ ដោយសារមានគោលបំណងបង្កាត់ពូជសម្រាប់ចិញ្ចឹមអោយបានចំនួន៦០តោន ដើម្បីលក់ចេញឆ្នាំក្រោយ ជាប្រចាំថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង