កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសបដិសេធ និង ដកហូតដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ សរុបចំនួន ២៩ដីកា ស្មើនឹង៣៣ទីតាំង មានផ្ទៃដីចំនួនសរុប៤៧០២ហិកតា និង៩៤អារ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស យកដីធ្វើជាកម្មសិទ្ធិ និងបានធ្វើសកម្មភាពពង្រីកដីបន្ថែមពីសំណាក់ជនខិលខូច និងអ្នកមានអំណាចដែលចាំបញ្ជាពីក្រោយ។
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ប្រមាណជាង៤ពាន់ហិកតា ដែលទទួលរងនូវការប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យដូចជា ការលួចចូលបោះ បង្គោលហ៊ុមព័ទ្ធ ដាក់សញ្ញាសម្គាល់ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ឈូស ឆាយដីព្រៃ ភ្ជួរដីព្រៃសម្រាប់ដាំដំណាំ សង់រោង ផ្ទះ និងរីសត ជាដើម ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងបានធ្វើ សកម្មភាពពង្រីកដីបន្ថែមពីសំណាក់ជនខិលខូច និងអ្នកមានអំណាចដែលចាំបញ្ជាពីក្រោយ។
បើតាមសេចក្តីប្រកាស ការប្រព្រឹត្តល្មើស រំលោភយកដី ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន រួមនឹងដីព្រៃដែលរដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាប្រកាសបដិសេធ ដកហូតដីព្រៃឈើមានចំនួនដូចខាងលើ ស្ថិតនៅក្នុង តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបញ្ឈប់សកម្មភាពល្មើសនេះជាបន្ទាន់ ពីព្រោះជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។