ភ្នំពេញ៖ ក្រសួងធនធានទឹក នៅថ្ងៃទី០៦មិថុនានេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុថា កម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើ ប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាណនេះនឹងធ្វើឲ្យកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី០៧-១៣មិថុនា។
លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
- បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោមបរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។
២-តំបន់ខ្ពង់រាប ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់។