ភ្នំពេញ៖ តារាចម្រៀងអ្នកនាង មាស សុខសោភា កាលពីយប់ថ្ងៃទី០៤ មិថុនា បានចេញមុខសុំទោស ក្រោយក្រសួងវប្បធម៌ និងសាធារណៈជន ប្រតិកម្មចំពោះបទចម្រៀង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ។
អ្នកនាង មាស សុខសោភា បានចេញមុចសុំទោសក្រសួងវប្បធម៌ និងសាធារណៈជន ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់ខ្លួន។ អ្នកនាង មាស សុខសោភា បានឲ្យដឹងថា ខ្លួនមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៊ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។
អ្នកនាង មាស សុខសោភា បានបញ្ជាក់ថា មកដល់ពេលនេះ បទចម្រៀង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» បានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបជាស្ថាពរហើយ។ ហើយអ្នកនាងនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត៕