
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ដល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាម៉េរិក (បីសែនដុល្លារអាម៉េរិក) ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆានាពេលថ្មីៗនេះដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញនៃប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
បើតាមសេចក្ដីប្រកាស នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះ បានឆាប់រហ័ស។
កាយវិការសប្បុរសធម៌ខាងលើឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាពនិងសាមគ្គីភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សំដៅរួមចំណែកជួយសម្រួលដល់ដំណើរការស្ដារប្រទេសឡើងវិញ៕
