ភ្នំពេញ៖ នៅថ្ងៃ ២៨ ឧសភា ឆ្នាំ២០២៣ យុវជនពីរក្រុមធ្វើការប្រកួតជជែកវែកញែកពីប្រធានបទពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ និងការងារថែទាំមិនមានប្រាក់កម្រៃ បានស្វែងរកក្រុមជ័យលាភីឃើញហើយ គឺក្រុម CACTUS។
បើតាមកញ្ញា ចិន ធារី ដែលជាប្រធានគម្រោងបានឱ្យដឹង កម្មវិធីជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រនេះត្រូវបានប្រព្រឹត្តទៅនៅទីតាំងសណ្ឋាគារអូឡាំព្យា កាលពីថ្ងៃទី ២៨ ឧសភា ដែលមានការចូលរួមប្រកួតរវាងពីរក្រុមដែលបានជម្រុះពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺក្រុមសារពេជ្ញ និងក្រុម CACTUS។
កញ្ញា ធារី បានរៀបរាប់បន្តទៀតថា កម្មវិធីនេះមានការចូលរួមពីសំណាក់យុវជនប្រមាណ ៧០ នាក់ ដែលមកពីបណ្តាសាលាផ្សេងៗគ្នានៅទីក្រុងភ្នំពេញ។
កញ្ញា ធារី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍បន្តទៀតថា យុវជនទាំងពីរក្រុមមានសមត្ថភាពខ្លាំងៗដូចគ្នា តែដោយសារតែគណៈកម្មការវាយតម្លៃមានសិទ្ធជ្រើសរើសតែមួយក្រុមជាម្ចាស់ជ័យលាភី ដូចនេះហើយក្រុមដែលត្រូវបានជ្រើសរើសជាជ័យលាភី គឺក្រុម CACTUS ដែលមានសុទ្ធតែជានិស្សិតស្រីមកពីសាកលវិទ្យាល័យផ្សេងៗគ្នា។
ក្រុម CACTUS មានសមាជិក៤នាក់ដែលមានឈ្មោះ ហី ចាន់នី ជឿម ស្រីចិន វ៉ា គន្ធា និង វី ឆៃលីម។
បន្ថែមពីនេះទៅទៀត ការជជែកដេញដោលនេះមានលក្ខណៈពិសេសពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសារតែមានវត្តមាននៃការចូលរួមពីសំណាក់សិល្បករផ្សេងៗដូចជា កញ្ញា YungLady, លោក ណា ណាក់, លោក ស៊ីណា,និងលោក Jhun Bin ដែលបន្ថែមសកម្មភាពដែលញ៉ាំងកម្មវិធីឱ្យកាន់តែមានភាពសកម្មតាមរយៈការច្រៀងចម្រៀង និងការរាំកម្សាន្តផងដែរដើម្បីជាការអបអរដល់ក្រុមជ័យលាភី ក៏ដូចជាញ៉ាំងកម្មវិធីសម្រាប់អ្នកចូលរួមឱ្យមានអារម្មណ៍ស្រស់ស្រាយផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីជជែកដេញដោលនេះមានការចូលរួមពីគណៈកម្មការវាយតម្លៃបីរូបដូចជា កញ្ញា ឈាង យុគីលីហ្សា លោក ហ៊ន សុវណ្ណរិទ្ធ និងអ្នកនាង ស៊ន សុខឃៀង។
កម្មវិធីជជែកដេញដោលនេះត្រូវបានរៀបចំដោយក្រុមការងារ RULErs ដែលទទួលបានការគាំទ្រជាថវិកាពីអង្គការ NGO CEDAW ដែលជាឆ្នាំទី៣ដែលសហការរៀបចំកម្មវិធីជជែកដេញដោលជាមួយគ្នា។