Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្ដេច ហ៊ុន សែន៖«កុមារ»គឺជាធនធានដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ SPM Page

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ បានលើកឡើងថា កុមារគឺជាធនធានដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

តាមរយៈសារលិខិត សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។

រូបភាព៖ SPM Page

សម្តេចបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឲ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួមយ៉ាងសកម្ម ពេញលេញ និងស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ។ ក្នុងនោះ អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះគួរឲ្យកត់សម្គាល់ដែលនេះ ជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

សូមជម្រាបថា ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជាឆ្នាំនេះ ត្រូវបានរៀបចំប្រារព្ធឡើង ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូបក្រោមម្លប់សន្ដិភាព ក្នុងយុគសម័យឌីជីថល និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «យុត្ដិធម៌សង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ» ដើម្បីរំលឹកដល់ការអនុវត្ដសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្ដទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង