Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវតី ហេង សុគន្ធវតី៖ ការអានអាចជួយអ្នកអានស្វែងរកគោលដៅរបស់ពួកគេ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ចាម៖ ការអានសៀវភៅពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ ការអានមិនត្រឹមតែអាចឲ្យអ្នកអានអាចកំណត់គោលដៅរបស់ពួកគេ ក៏ដូចជាការស្វែងយល់ពីខ្លួនឯងប៉ុណ្ណោះទេ វាថែមទាំងជាការកម្សាន្ត ផ្តល់ភាពវិជ្ជមាន កាត់បន្ថយភាពតប់ប្រមល់ និងជួយបង្កើនការលើកទឹកចិត្តដល់អ្នកអាន ថែមទៀតផង។

យុវតី ហេង សុគន្ធវតី បានប្រាប់ស៊ីស៊ីថាមថា វតីបានចាប់ផ្តើមចូលចិត្តអានសៀវភៅតាំងពីបឋមសិក្សា ហើយការចូលចិត្តចូលចិត្តអានសៀវភៅក៏ព្រោះតែសៀវភៅបានជួយឲ្យទទួលបាននៅចំណេះដឹងថ្មីៗ ដែលមានតែនៅក្នុងសៀវភៅប៉ុណ្ណោះ។ លើសពីនេះ ទៀតសៀវភៅក៏ជាអ្នកដែលជួយកាត់បន្ថយភាពតប់ប្រមល់ផងដែរ។ ប្រភេទសៀវភៅដែលវតីចូលចិត្តមានដូចជា សៀវភៅទស្សនវិជ្ជា សៀវភៅលើកទឹកចិត្ត ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និងសៀវភៅប្រលោមលោក។

យុវតីវ័យ១៦ឆ្នាំរូបនេះ បានបន្ដថា ការអានអាចជួយមនុស្សម្នាក់ៗ ក្នុងការស្វែងរកចំណូលចិត្តរបស់ពួកគេ ពីព្រោះតាមរយៈបទពិសោធន៍របស់វតីផ្ទាល់ ការអានបានជួយស្វែងរកនៅគោលដៅ និងចំណូលចិត្តរបស់ខ្លួន តាមប្រភេទសៀវភៅដែលបានអាន។ ហើយការស្វែងរកចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ ដោយការអានសៀវភៅនោះ គឺការស្វែងរកចំណូលចិត្ត ស្វែងរកគោលដៅ និង ការស្វែងយល់ពីខ្លួនឯងតាមរយៈការអាន។

យុវតីមកពីខេត្តកំពង់ចាមរូបនេះបានឲ្យដឹងទៀតថា ការអានមានប្រយោជន៍ជាច្រើនដល់អ្នកអានដូចជា ស្វែងយល់នូវចំណេះដឹងទូទៅថ្មីៗ បង្កើតគំនិតថ្មីៗដល់អ្នកអាន ជួយបង្កើនផ្នែក critical thinking ដល់អ្នកអាន ជួយសម្រួលដល់ខួរក្បាលនិងនៅពេលគេង ហើយការអានក៏ជាការកម្សាន្ត ផ្តល់ភាពវិជ្ជមាន កាត់បន្ថយភាពតប់ប្រមល់ និងជួយបង្កើនការលើកទឹកចិត្តដល់អ្នកអាន ជាដើម។

ដើម្បីដឹងថាយើងចូលចិត្តការអានគឺនៅពេលដែលយើងចាប់អារម្មណ៍សៀវភៅ អានហើយអានទៀត និង តែងតែកាន់សៀវភៅទៅគ្រប់ទីកន្លែង តែងតែចូលបណ្ណាល័យដើម្បីស្វែងរកសៀវភៅថ្មីៗ យកពេលទំនេរមកអានជាដើម។ ប្រសិនបើអ្នកដែលមិនចូលចិត្តអាន មានបំណងអានសៀវភៅ អាចចាប់ផ្តើមពីវិធីងាយៗ ដូចជាស្វែងរកសៀវភៅដែលត្រូវនឹងខ្លួន ឬ ដូចនឹងទម្លាប់របស់ខ្លួន អានបែបសប្បាយៗ អានមុនពេលចូលគេង បបួលមិត្តភក្តិមកអានជាមួយគ្នា រៀបចំគម្រោងឬកាលវិភាគអាន ជាដើម។

វតី បានបន្ដទៀតថា នៅពេលអានកាន់តែច្រើន នឹងរៀនកាន់តែច្រើន ហើយនៅពេលរៀនកាន់តែច្រើន នឹងទទួលបានបទពិសោធន៍កាន់តែច្រើន។ នៅពេលមានបទពិសោធន៍កាន់តែច្រើន នឹងយល់ដឹងកាន់តែច្រើន។ ដូច្នេះចូលរួមអានទាំងអស់គ្នាដើម្បីជួយដល់ខ្លួនឯង «ថ្ងៃនេះអ្នកអាចត្រឹមជាអ្នកអានតែ ថ្ងៃស្អែកអ្នកអាចក្លាចជាអ្នកដឹកនាំម្នាក់»។

គួរបញ្ជាក់ថា យុវតី ហេង សុគន្ធវតី មានអាយុ ១៦ឆ្នាំ មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន វតី ជាសិស្សថ្នាក់ទី ១១ នៃសាលាវិទ្យាល័យហ៊ុនសែនកំពង់ចាម ។ វតី ក៏ជាសមាជិកម្នាក់នៃក្រុមយុវជន The Great Bamboo Team ហៅកាត់ TGB ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង