ភ្នំពេញ៖ លោក យ៉ង សាំងកុមារ អះអាងថាក្រោយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានរយៈពេល០៦ខែ លោកថាមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបម្រើជាតិលើវិស័យកសិកម្ម ដែលអាចក្លាយជាចំណែកមួយ នៃការជួយដោះស្រាយនូវបញ្ហាជាតិ បញ្ហារបស់ប្រជាកសិករ ដើម្បីធានាការអភិវឌ្ឍ ប្រទេសប្រកបដោយនិរន្តរភាព និងថែរក្សាសន្តិភាព។
បើតាមលិខិតរបស់លោក យ៉ង សាំងកុមារ ពន្យល់ថា ការងាររយៈពេល០៦ខែជាមួយគណបក្សប្រជាជនកម្ពុជា លោកបានសន្និដ្ឋានថា ការចូលរួមជាមួយគណបក្សប្រជាជន កម្ពុជា និងរាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ពីព្រោះលោកមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ ស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងទស្សនវិស័យរបស់លោក។
ក្នុងរយៈពេលកន្លងមកនេះ លោក យ៉ង សាំងកុមារ និង សហការី ទទួលបានការផ្តល់តម្លៃទំនុកចិត្ត និងការទទួលខុសត្រូវសំខាន់ៗលើវិស័យកសិកម្ម ដូចជាការកសាងប្រព័ន្ធពូជ សុទ្ធនិងការកសាងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ ការរៀបចំកិច្ចសន្យាកសិកម្មសម្រាប់ដំណាំ ស្រូវ ការ រៀបចំពង្រាយអ្នកសម្របសម្រួលកសិកម្មឃុំសាកល្បងចំនួន ១០ ឃុំ នៅស្រុកជើងព្រៃ និងការដឹកនាំ អភិវឌ្ឍនិងតម្រង់ទិសវិស័យកសិកម្មខេត្តព្រះវិហារ។
លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា ការទទួលខុសត្រូវដ៏ធំធេងលើការដឹកនាំការងារសំខាន់ៗ ទាំងនេះ គឺវាលើសពីការរំពឹងទុករបស់លោក ហើយវាក៏ខុសពីការគិតរបស់អ្នករិះគន់ចំនួនដែលគិតថា ការចូលរួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែដើម្បីលាភសក្ការៈ និង យសសក្តិតែប៉ុណ្ណោះ ហើយថាលោកនឹងត្រូវបានទុកចោល ដោយមិនមានការងារទទួលខុសត្រូវច្បាស់លាស់។
លោក យ៉ង សាំងកុមារ ក៏បានឲ្យដឹងពីផែនការបន្តដឹកនាំ និងអនុវត្តកម្មវិធីនយោបាយជាយុទ្ធសាស្ត្រសំខាន់ៗ ដោយផ្តោតលើ ការកសាងប្រព័ន្ធពូជ និង ខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ។ការដាក់ពង្រាយអ្នកសម្របសម្រួលកសិកម្មឃុំ នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីឃុំដែលមានសក្ដានុពលផលិតស្រូវ នៅឆ្នាំទី១។ការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅខេត្តព្រះវិហារ ដោយធ្វើឲ្យខេត្តនេះ ក្លាយជាខេត្តឈានមុខគ ខាងកសិកម្មសរីរាង្គ ដោយផ្សារភ្ជាប់ជាមួយកសិទេសចរណ៍វប្បធម៌ និង ធម្មជាតិ។
ជារួមតាមឆ្លងតាមបទពិសោធន៍ការងារក្នុងរយៈពេល៦ខែនេះ លោកប្តេជ្ញានឹងបន្តបេសកកម្មដ៏មានតម្លៃនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ខិតខំបំពេញការងារឲ្យទទួលបានលទ្ធផលជាក់ ស្តែងកាន់តែច្រើនថែមទៀត ជាពិសេសការដឹកនាំមន្ត្រីសម្របសម្រួលកសិកម្មឃុំ ក្នុងការជួយដោះស្រាយ បញ្ហាទឹក ទុនទីផ្សារ និងបច្ចេកទេសជូនកសិករ និងគាំទ្រដល់កសិករឲ្យក្លាយជាកម្លាំងចលករ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ៕