ភ្នំពេញ៖ យុវជនកម្ពុជា ៣ រូប ចូលរួមបានធ្វើដំណើរពីកម្ពុជាដើម្បីចូលរួមកម្មវិធីសន្និសីទនៅទីក្រុងហ្សាកាតា នៅប្រទេសឥណ្ឌូនេស៊ី ដែលផ្តោតលើការពិភាក្សាទៅលើពីរប្រធានបទ ទី១ សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ និងទី២ ការពង្រឹងសមត្ថភាពយុវជន និងឌីជីថលូបនីយកម្ម។
កម្មវិធី សន្និសីទរវាងយុវជនអាស៊ាន និងអ៊ីតាលី ត្រូវបានរៀបចំនៅទីក្រុងហ្សាកាតា មានរយៈពេល បីថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣ ដែលត្រូវបានរៀបចំដោយក្រុមការងារ Global Action ដែលទទួលបានជាការគាំទ្រថវិកាពីរដ្ឋាភិបាលអ៊ីតាលីនៅក្នុងការចំណាយសម្រាប់កម្មវិធីទាំងមូលនេះ។
កម្មវិធីនេះមានការចូលរួមពីប្រទេសដែលជាសមាជិកអាស៊ានគ្រប់ប្រទេស ដែលមានយុវជនបីរូបតំណាងក្នុងមួយប្រទេស និងគ្រូណែនាំមួយរូបដើម្បីមើលការខុសត្រូវយុវជនព្រោះយុវជនដែលចូលរួមកម្មវិធីនេះសុទ្ធតែជាសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ។
យុវជនដែលតំណាងកម្ពុជា មានបី រូបគឺ យុវតី ហេង សូផានីតា , យុវតី ចំរើន អមរា និងយុវជន នូរ ពិសិដ្ឋ។យុវជនសក្តានុពលទាំងបីរូបជាសិស្សដែលកំពុងសិក្សានៅថ្នាក់ទី១២ នៅ E2STEM នៅទីក្រុងភ្នំពេញ។
តាមរយៈការចូលរួមកម្មវិធីសន្និសីទមួយនេះ យុវជនដែលចូលរួមគ្រប់រូបមានឱកាសនៅក្នុងការសំណេះសំណាលគ្នាពីវប្បធម៌របស់ខ្លួន និងបញ្ហាដែលកំពុងកើតឡើងបច្ចុប្បន្នក្នុងប្រទេសរបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយដែលអាចដោះស្រាយនូវបញ្ហាទាំងនោះបាន។
គណៈប្រតិភូវ័យក្មេងតំណាងប្រទេសនីមួយៗមកពីអាស៊ាន និងអ៊ីតាលី នឹងពិភាក្សាលើប្រធានបទសំខាន់ៗដែលជាទូទៅសម្រាប់អាស៊ាន និងអ៊ីតាលី បង្កើតសំណើគោលនយោបាយប្រកបដោយភាពច្នៃប្រឌិត និងការពិភាក្សាយ៉ាងសកម្ម។សិស្ស នឹងធ្វើសេចក្តីព្រាងសេចក្តីសន្និដ្ឋានរបស់ពួកគេលើប្រធានបទដែលជាប់ពាក់ព័ន្ធនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយដែលនឹងត្រូវបានបង្ហាញទៅកាន់ស្ថានទូតអាស៊ាន និងក្រសួងការបរទេសអ៊ីតាលី។
គួរបញ្ជាក់ផងដែរថា នៅខែកញ្ញាឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំលើកទី ៥៣ នៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអាស៊ាន ប្រទេសអ៊ីតាលីបានទទួលឋានៈជាដៃគូអភិវឌ្ឍន៍អាស៊ានជាផ្លូវការ៕