Cctimesw1140xh150cm copy

កញ្ញា ហ្គេកលី ចែករំលែកគន្លឹះសម្រាប់យុវជនអំពីការតែងនិពន្ធ និងបង្កើតមាតិកា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា សេង ហ្គេកលី បានចាប់ផ្តើមធ្វើការនិពន្ធសៀវភៅតាំងពីឆ្នាំ២០១៨ ទទួលបានប្រជាប្រិយភាពពីមិត្តអ្នកអានច្រើន ជំរុញឱ្យកញ្ញានៅតែបន្តក្នុងការនិពន្ធបន្តទៀត និងចែករំលែកគន្លឹះទៅកាន់យុវជនផ្សេងទៀតក្នុងការនិពន្ធ។

កញ្ញា សេង ហ្គេកលី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានចំណាយពេលជាច្រើនឆ្នាំទម្រាំអាចស្វែងរកខ្លួនឃើញថាអ្វីដែលខ្លួនស្រលាញ់ពិតប្រាកដ។ សៀវភៅជាកត្តាមួយដែលជំរុញឱ្យកញ្ញាអាចមកដល់ដំណាក់កាលសព្វថ្ងៃនេះ។

បើតាមកញ្ញា ហ្គេកលី បានឱ្យដឹងថាកញ្ញាធ្លាប់បានមានបញ្ហាផ្លូវចិត្តជាច្រើនលើកច្រើនសារដោយសារតែការជ្រើសរើសជំនាញនៅក្នុងការសិក្សានៅថ្នាក់សាកលវិទ្យាល័យ។ ក្រោយមក កញ្ញា បានផ្អាកក្នុងការរៀនគ្រប់ជំនាញដែលធ្លាប់បានជ្រើសរើស និងចាប់ផ្តើមអានសៀវភៅ បានធ្វើឱ្យកញ្ញាទទួលបានកម្លាំងចិត្តជាច្រើនក្នុងការស្វែងរកខ្លួនឯងសារជាថ្មីម្តងទៀត។

បន្ទាប់ពីបានស្វែងរកខ្លួនឯងតាមរយៈការអានសៀវភៅ កញ្ញា តែងតែសង្ខេបនូវខ្លឹមសារអ្វីដែលកញ្ញាបានអានរហូតក្លាយជាទម្លាប់ ក៏មានគំនិតថានឹងដាក់បញ្ចូលគ្នាដើម្បីក្លាយជាសៀវភៅកូនសិស្សជីវិតដូចដែលប្រិយមិត្តអ្នកអានបានអានកន្លងមកនេះ។

កវីនិពន្ធដ៏ឆ្នើមរូបនេះបានបន្តទៀតថា ប្រសិនបើយុវជនមានបំណងក្នុងការតែងនិពន្ធ យុវជនគួរតែពង្រឹងការអានរបស់ខ្លួនឱ្យបានច្រើនជាមុនសិន ដើម្បីអាចមានគំនិតច្រើននៅក្នុងការសរសេរ។ ការអានបានកាន់តែច្រើន នឹងមានគំនិតកាន់តែច្រើនក្នុងការសរសេរ។

កញ្ញា ហ្គេកលី បានចែករំលែកបន្តទៀតថា បើយុវជនពិតជាមានបំណងក្នុងការតែងនិពន្ធ មិនគួរដាក់សម្ពាធលើខ្លួនឯងពេកនោះឡើយ។ តួយ៉ាងដូចជា ប្រឹងដោយសន្សឹមៗ មិនបង្ខំខ្លួនឯងហួសកម្លាំងពេកក្នុងការសរសេរ។ ចាប់ផ្តើមការសរសេរដំបូងដោយការសង្កេត ហើយសរសេរម្តងបន្តិចៗ នោះយុវជននឹងអាចបញ្ចប់ការសរសេរបានកាន់តែល្អនាពេលណាមួយជាមិនខាន។

បន្ទាប់ពីបាននិពន្ធសៀវភៅ កូនសិស្សជីវិតភាគ១ និងភាគ២ កញ្ញាបានចាប់ផ្តើមក្នុងការបង្កើតមាតិកាជាវីដេអូអប់រំ ហើយបានទទួលការគាំទ្រពីយុវជនជាច្រើនដែលជាកម្លាំងចិត្តក្នុងការខំប្រឹងបន្ថែមទៀតកាន់តែខ្លាំង។

កញ្ញា ហ្គេកលី បានរៀបរាប់ថា កញ្ញាបានចាប់ផ្តើមថតវីដេអូដំបូងដោយការថតតាមទូរស័ព្ទ ដែលជាសារមួយសម្រាប់យុវជនថា មិនចាំបាច់ទាល់តែមានអ្វីគ្រប់យ៉ាងចាំចាប់ផ្តើមនោះទេ តែអាចធ្វើការចាប់ផ្តើមតាមលទ្ធភាពដែលខ្លួនអាចធ្វើបានជាមុនសិន ។

ការគាំទ្រពីអ្នកមើលវីដេអូរបស់អ្នកបង្កើតមាតិកាអប់រំរូបនេះនៅតែបន្តកើនឡើងសន្ធឹកសន្ធាប់ ធ្វើឱ្យកញ្ញាកាន់តែទទួលបានប្រជាប្រិយភាព និងទទួលបានប្រាក់កម្រៃបន្ថែមក្នុងការទិញសម្ភារៈផ្សេងទៀតដើម្បីបង្កើនគុណភាពវីដេអូផងដែរ។ដូចនេះ កញ្ញា សូមលើកទឹកចិត្តអ្នកដែលមានបំណងក្នុងការបង្កើតមាតិកា មិនចាំបាច់មានអ្វីគ្រប់យ៉ាង ទើបចាប់ផ្តើមថតទេ តែអាចចាប់ផ្តើមដោយថតតាមទូរស័ព្ទជាមុនសិន សំខាន់ផ្តោតលើខ្លឹមសារវីដេអូ។

ជាចុងក្រោយ កញ្ញា ហ្គេកលី សូមផ្តល់ជាសារលើកទឹកចិត្តទៅកាន់យុវជនថា យុវជនអាចធ្វើអ្វីបានលើសពីការរំពឹងទុករបស់ខ្លួន ដួចនេះ គួរផ្តោតលើខ្លួនឯងឱ្យបានច្រើន ស្វែងរកខ្លួនឯង ចំណាយពេលជាមួយនឹងខ្លួនឯង ដើម្បីអាចដឹងថាខ្លួនស្រលាញ់អ្វីពិតប្រាកដ នោះនឹងនាំឱ្យយើងអាចសម្រេចក្តីស្រមៃរបស់យើងបានកាន់តែលឿនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង