ស្ទឹងត្រែង៖ សហគមន៍អេកូទេសចរណ៍កោះព្រះ មានទីតាំងស្ថិតនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សហគមន៍អេកូទេសចរណ៍ នេះ ហាក់មានភាពស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទេសចរ មកកម្សាន្ដ នោះទេ បើទោះជាការរីករាលដាលនៃជំងឺកូវីដ-១៩ បានធូរស្រាលក្ដី។បច្ចុប្បន្ន តំបន់នេះបានរៀបចំខ្លួនរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរទៅកម្សាន្តបែបធម្មជាតិនៅតំបន់នោះ។
សហគមន៍អេកូទេសចរណ៍កោះព្រះ មានទីតាំងស្ថិតនៅលើកោះព្រះ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយកោះមួយនេះស្ថិតនៅចំកណ្ដាលទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីទីរួមខេត្ត។ កោះព្រះ មានផ្ទៃដីទំហំ បណ្ដោយ ១២ គ.ម ទទឺង ៤ គ.ម និងប្រជាជនរស់នៅទីនោះមានចំនួន ១៥៩៣នាក់ ស្មើនិង ១៤៩គ្រួសារ។
លោក សាយ ឡុំ ប្រធានសហគមន៍អេកូទេសចរណ៍កោះព្រះ បានប្រាប់ស៊ីស៊ីថាមស៍ថា នៅក្នុងសហគមន៍អេកូទេសចរណ៍មានបម្រើសេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ មគ្គុទ្ទេសក៍ទេសចរណ៍ ដឹកជញ្ជូន ជិះទូក បោះតង់ ជិះកង់ មគ្គុទ្ទេសក៍ទេសចរណ៍ និងស្ទីមបែបធម្មជាតិ ជាដើម។
ជាពិសេសនោះ ភ្ញៀវទេសចរដែលបានមកកម្សាន្ដកោះព្រះ អាចបានឃើញពីភាពស្រស់ស្អាតនៃធម្មជាតិនៅលើកោះ និងស្វែងយល់ពីរបៀបរស់នៅរបស់អ្នកស្រុកដោយការជិះកង់ និងជិះទូកឆ្លងកាត់តំបន់ដីសើមទឹកសាបដ៏ខៀវស្រងាត់នៃទន្លេមេគង្គ ការមើលសត្វផ្សោតទន្លេ ការនេសាទត្រីសម្រាប់អាហារឆ្ងាញ់ៗក្នុងតំបន់ និងការបោះតង់នៅលើឆ្នេរខ្សាច់ពណ៌ស ជាដើម។
លោក សាយ ឡុំ បានបន្ដថា នៅក្នុងសហគមន៍អេកូទេសចរណ៍នេះ មានសកម្មភាពជាច្រើន ដែលភ្ញៀវទេសចរណ៍ អាចធ្វើបាន។ ជាពិសេសភ្ញៀវទេសចរណ៍ ដែលបានមកកម្សាន្ដកន្លងមក មួយចំនួនជួយការងាររបស់ប្រជាកសិករ ដូចជាដាំដំណាំ ដាំស្រូវ ច្រូតស្រូវ ចិញ្ចឹមមាន់ កសាងមណ្ឌលសុខភាព និងកសាងសាលារៀន ជាដើម។
បើទោះជារាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញក្ដី ប៉ុន្ដែសហគមន៍អេកូទេសចរណ៍កោះព្រះ ស្ទើតែគ្មានភ្ញៀវទេសចរណ៍ទៅកម្សាន្ដសោះ។ បើតាមលោក សាយ ឡុំ បានបញ្ជាក់ថា កត្តាដែលមិនសូវមានភ្ញៀវមកលេង ដោយសារសហគមន៍ទេសចរណ៍នេះ មិនទាន់មានការផ្សព្វផ្សាយបានទូលំទូលាយ ហើយប្រជាសហគមន៍ដែលរស់នៅលើកោះនេះ មិនមានអ្នកចេះភាសាអង់គ្លេសនោះឡើយ៕