ភ្នំពេញ៖ ក្រុមការងារ RULErs នឹងធ្វើការរៀបចំកម្មវិធីជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៣ នៅទីតាំង សណ្ឋាគារអូឡាំព្យា ដើម្បីផ្តល់ឱកាសយុវជនបញ្ចេញសម្លេងរបស់ពួកគេពីទស្សនៈទៅលើប្រធានបទ "ការចូលរួមបំពេញការងារថែទាំដែលមិនមានប្រាក់កម្រៃ គឺជាកត្តាជំរុញក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍសង្គមជាតិ"។
ប្រធានបទ "ការចូលរួមបំពេញការងារថែទាំដែលមិនមានប្រាក់កម្រៃ គឺជាកត្តាជំរុញក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍសង្គមជាតិ" នឹងត្រូវលើកយកមកប្រកួតបកស្រាយដោយក្រុមយុវជនឆ្នើមទាំង២ ក្រុម សារពេជ្ញ តំណាងឱ្យក្រុមស្រប ប្រកួតជាមួយ ក្រុម CACTUS តំណាងឱ្យក្រុមបដិសេធ។
យុវជនឆ្នើមទាំង២ក្រុម គឺត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត ចេញពីក្នុងចំណោមក្រុមយុវជនដទៃទៀត ដែលពោរពេញទៅដោយចំណេះដឹង វោហារកោសល្យ និងភាពក្លាហាន។
កម្មវិធីជជែកដេញដោលនេះនឹងមានការចូលរួមពីគណៈកម្មការវាយតម្លៃបីរូប ដែលមានដូចជា កញ្ញា ឈាង យុគីលីហ្សា ដែលជាស្ថាបនិកនៃស្ថាប័នដែលផ្តោតលើការជជែកដេញដោល , លោក ហ៊ន សុវណ្ណារិទ្ធដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យអប់រំនៅកម្ពុជា និងអ្នកនាង ស៊ន សុខឃាង ដែលមានបទពិសោធន៍ជាច្រើនក្នុងការងារដែលលើកកម្ពស់ស្រ្តីផងដែរ។
កម្មវិធីនេះនឹងចាប់ផ្តើមពីម៉ោង ១២: ៣០ រសៀលតទៅ ដែលស្ថិតនៅទីតាំង៖ សណ្ឋាគារអូឡាំព្យា
ប្រសិនបើមានចំណាប់អារម្មណ៍ សូមធ្វើការចុះឈ្មោះឱ្យបានរួសរាន់ ដោយចូលទៅកាន់គេហទំព័រ ទស្សនៈយុវជនដើម្បីចុចលើតំណភ្ជាប់ដើម ដោយសារតែចំនួនមានកំណត់ ហើយក្រុមការងារនឹងបិទការចុះឈ្មោះនៅថ្ងៃទី២៦ នេះហើយ។
គួរបញ្ជាក់ផងដែរថា RULErs ជាក្រុមយុវជនដែលមានឆន្ទៈធ្វើការងារសង្គមសម្រាប់យុវជន ដែលទទួលបានការគាំទ្រជាថវិកាពីអង្គការ NGO CEDAW នេះដើម្បីរៀបចំជាគម្រោងទស្សនៈយុវជនដែលផ្តោតលើការជជែកដេញដោលអំពីបញ្ហាយេនឌ័រអស់រយៈពេល ៣ឆ្នាំកន្លងមកហើយ៕